កម្ពុជា​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​2នាក់​បន្ថែម​ទៀត​ហើយ

កម្ពុជា​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា COVID-19 ទៅលើ​ជនជាតិ​អង់គ្លេស​2នាក់​ដែល​ជា​ប្ដី​-ប្រពន្ធ​នឹង​គ្នា​ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ទាំង​2នេះ មាន​ផ្ទុក​មេរោគ​ COVID-19។

ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​អំពី​ព័ត៌មាន​នេះ​ នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​12មីនានេះ​។ ក្រសួង​បាន​ឱ្យ​ដឹង​ថា ជនជាតិអង់គ្លេស ជា​ប្តី-ប្រពន្ធពីរនាក់ដែល​មាន​ផ្ទុក​មេរោគ COVID-19នេះ បាន​ធ្វើ​ដំណើរ​តាម​​នាវាទេសចរណ៍​ Viking Cruise Journey ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ ភាគខាង​ត្បូង​ប្រទេស​វៀតណាម និង​​មក​ចូល​សំចត​នៅ​ឯកំពង់ផែ​ខេត្ត​កំពង់​ចាម​។

បច្ចុប្បន្ន ប្តីប្រពន្ធជនជាតិ​អង់គ្លេសទាំងពីរនាក់​នេះ ត្រូវបានដាក់ឱ្យនៅដាច់​ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់​ចាម។

គិតមកដល់ពេលនេះ ​កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុកវីរុសកូរ៉ូណា COVID-19 ចំនួន5ករណី ខណៈ​ពិភពលោក ចំនួន​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ បាន​កើន​ដល់ 126,254​នាក់ ក្នុង​នោះ​មាន 4,637នាក់ បាន​បាត់​បង់​ជីវិត​។

Advertisement