WHO ប្រកាស​ជា​ផ្លូវការ​ថា COVID-19 គឺ​ជា​ “ជំងឺរាតត្បាតសកល” ខណៈ​វីរុស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន 4,630នាក់នៅ​ទូទាំង​ពិភពលោក​

WHO ប្រកាស​ជា​ផ្លូវការ​ថា COVID-19 គឺ​ជា​

ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​ប្រកាស​ថា អង្គ​ការ​នេះ​បាន​វាយ​តម្លៃ​ និង​ចាត់​ទុក​ COVID-19 គឺជា​ “ជំងឺរាត​ត្បាត​សកល” ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក ចាត់​វិធាន​ការ​ខ្លាំង​ក្លា​បំផុត​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​នេះ​។

“យើង​មាន​ករ​ព្រួយ​បារម្ភ​បំផុត​អំពី​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​ ភាព​ធ្ងន់ធ្ងរ​របស់​វីរុស រួម​នឹង​ការ​ព្រងើយកន្ដើយ​ដ៏គួរ​ឱ្យ​បារម្ភ​នៃ​ភាគី​មួយ​ចំនួន​។ ដូច្នេះ យើង​បាន​វាយ​តម្លៃ​ថា COVID-19 អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ជំងឺ​រាត​ត្បាត​សកល​”។ នេះ​បើ​តាម​សម្ដី​របស់​ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ម្សិល​មិញ​ នៅ​ឯប្រទេស​ស្វីស។

លោក Tedros បាន​ឱ្យ​ដឹង​ថា ​តួលេខ​នៃ​ការ​ឆ្លង​មេរោគ​ COVID-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​ឡើងច្រើន​ជាង​មុន​​13ដង ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​មក​នេះ​។ លោក​ Tedros បន្ត​ថា “យើង​ព្យាករ​ថា តួលេខ​នៃ​ករណី​ឆ្លង​ ករណី​ស្លាប់ និង​ចំនួន​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ នឹង​កើន​ឡើង​ច្រើន​ និង​​ខ្ពស់​ជាង​នេះ​ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​”។

Mike Ryan អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រតិកម្ម​បន្ទាន់របស់​ WHO បាន​ឱ្យ​ដឹង​នៅ​ក្នុងសន្និសីទ​សារ​ព័ត៌មាន​ថា ការ​ដែល​អង្គ​ការ​នេះ​ប្រើ​ពាក្យ​ “ជំងឺរាតត្បាតសកល” ដើម្បី​សំដៅ​ទៅ​លើ​ COVID-19 គឺ​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទាក់​ទិន​នឹង​​វិធី​ទប់​ទល់​របស់​ពួកគេ​នោះ​ទេ​។

WHO ធ្លាប់​បាន​ប្រកាស​អាសន្ន​ផ្នែក​វេជ្ជ​សាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ កាល​ពី​ថ្ងៃទី​30មករា ដែល​កាល​នោះ ចំនួន​​ករណី​ឆ្លង​ COVID-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ មិន​ដល់​100នាក់​ផង។ ប៉ុន្តែ បច្ចុប្បន្ន រោគ​រាត​ត្បាត​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​120ទៅ​ហើយ​។ គិត​មក​ដល់​បច្ចុប្បន្ន ជំងឺរាតត្បាតសកលនេះ បាន​សម្លាប់​មនុស្ស​ចំនួន 4,630នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន​ 126,135​នាក់ នៅ​ទូទាំង​ពិភពលោក​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Advertisement