អ៊ីតាលី​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 កើន​ដល់​ជាង​4,000នាក់​​នៅទូទាំង​ពិភពលោក

Covid-19 បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​113 បណ្ដាល​ឱ្យ​មនុស្ស​ជាង 114,000​នាក់បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​ មនុស្ស​ជាង​4,000​បាន​ស្លាប់។

តួលេខ​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​ប្រទេស​អ៊ីតាលី កើន​ឡើង​ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី 1,797​នាក់​បន្ថែម​ទៀត​ ធ្វើឱ្យ​ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នៅ​ប្រទេស​នេះ កើន​ដល់ 9,172នាក់ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន។

អ៊ីតាលី​ក៏ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covd-19 ខ្ពស់​បំផុត​លំដាប់​ទីពីរ​ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន​​ផងដែរ​ ដោយ​មាន​អ្នក​ស្លាប់ 463នាក់ គឺ​កើន​​97ករណី បើ​ធៀប​នឹង​1ថ្ងៃ​មុន​។ នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី Giuseppe Conte បាន​ចេញ​បទ​បញ្ជា​ដាក់​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​វីរុស​ដ៏​កំណាច​នេះ​។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​ Covid-19 ចំនួន 113,605​នាក់ ក្នុង​នោះ​មាន​ 4,012នាក់ បាន​បាត់​បង់​ជីវិត៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement