វៀតណាម​មាន​អ្នក​ផ្ទុក​​ Covid-19 ជាង​30នាក់ ខណៈសាលា​រៀន​22ខេត្តក្រុង​ត្រូវ​បាន​បិទ

ក្រសួង​សុខាភិបាល​វៀតណាម នៅ​ល្ងាច​នេះ​ (9មីនា) បាន​ប្រកាស​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​អង់គ្លេសម្នាក់​ អាយុ​​​49ឆ្នាំ​ ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ VN0054 មាន​ផ្ទុក​មេរោគ​ Covid-19។

វត្ថុវិភាគ​ដែល​យក​ពី​អ្នក​ដំណើរ​នេះ​ ត្រូវ​បាន​មជ្ឈមណ្ឌល​គ្រប់​គ្រងរោគ​ Quang Nam ​ផ្ញើ​ទៅ​កាន់​មន្ទីរពេទ្យ​ Pasteur Nha Trang ដើម្បី​ពិសោធ​រក​មេរោគ​។ អ្នក​ជំងឺ​នេះ​ កំពុង​ទទួល​ការ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ Quang Nam ខាង​ជើង (Hospital northern mountainous Quang Nam)។ នេះ​បើ​តាម​សារ​ព័ត៌មាន​ VNexpress។

នៅ​ក្នុង​ចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​ Covid-19 ចំនួន​ 15នាក់​ដែល​ទើប​បាន​ប្រកាស​ឱ្យ​ដឹងថ្មី​ៗ​នេះ​ គឺ​មាន​ម្នាក់​មក​ពី​ប្រទេស​កូរ៉េខាង​ត្បូង ចំណែក​​14នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ London-Hanoi ឬ​មាន​ជាប់​ទាក់​ទិន​នឹងជើង​ហោះ​ហើរ​នេះ​។

អាជ្ញា​ធរ​វៀតណាម បាន​រក​ឃើញ​មនុស្ស​រាប់​រយ​នាក់​ ដែល​ជាប់​ទាក់​ទិនផ្ទាល់ និង​ប្រយោល​ជាមួយ​នឹង​អ្នកជំងឺ​​​ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ VN0054ខាងលើ។

បច្ចុប្បន្ន ប្រទេស​វៀត​ណាម មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 ចំនួន​ 31នាក់ ក្នុង​នោះ​មាន​ 16នាក់​បាន​ជា​សះស្បើយ​។ ក្រៅ​ពីនេះ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ក្រោម​ការ​តាម​ដាន​របស់​ក្រសួង​សុខាភិបាល​វៀតណាម។ ថ្នាក់ដឹក​នាំ​ជា​ច្រើន​រូប​នៃ​ប្រទេស​នេះ ក៏កំពុង​បង្ខាំង​ខ្លួន​ឯង​រយ​ពេល​ 14ថ្ងៃ​ ព្រោះ​តែ​មាន​ជាប់​ទាក់​ទិន​ផ្ទាល់​ជា​មួយ​នៃ​អ្នក​ជំងឺ​ Covid-19។

ទន្ទឹម​នឹង​នេះ សាលា​រៀន​នៅ​ក្នុង​បណ្ដា​ខេត្ត​ក្រុង​ចំនួន​22នៃ​ប្រទេស​នេះ ក៏​ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ក្នុង​នោះ​មាន​ទីក្រុង​ហូជីមិញ ដែល​មាន​ជនជាតិ​ខ្មែរ​រាប់​សែន​នាក់​កំពុង​ធ្វើ​ការ​នៅ​ទី​នេះ។ ​សាលា​រៀន​នៅ​ក្នុងខេត្ត​ត្រាវិញ (Travinh/ព្រះត្រពាំង) ដែលជា​ខេត្ត​1​មាន​ជនជាតិ​ខ្មែរ​ជាង​ 30% និងជនជាតិចិន​ 1,65% ក៏ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ផងដែរ​៕

Advertisement