“ស្នាមត្រានៃមហាវីរកម្ម លើផ្ទៃមុខដ៏ស្រស់ស្អាត នៃវីរបុរស-វីរនារី អ្នកប្រយុទ្ធតតាំងនឹងមេរោគ…

ពួកគេប្រៀបដូចជាអ្នកប្រយុទ្ធក្នុង “សង្គ្រាមមេរោគ” ដែលតស៊ូពុះពារប្រតិបត្តិតួនាទីក្នុងខ្សែត្រៀមមុខ កណ្ដាលក្រុមអ្នកជំងឺដែលផ្ទុកមេរោគកំណាច និងសាកសព ដោយមានម៉ាស់អនាម័យ និងឈុតការពារមេរោគ ជាខែលការពារខ្លួន ពីពួកសត្រូវដែលបំបាំងកាយនៅក្នុងអាកាសធាតុ…ជាសត្រូវដែលមើលមិនឃើញ។

ព័ត៌មានចាប់ពីថ្ងៃទី4 មករា រហូតមក មានបុគ្គលិកពេទ្យនៅក្នុងប្រទេសចិន ឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី មិនតិចជាង 3,000នាក់ និងមានវេជ្ជបណ្ឌិត ដែលបានស្លាប់ មិនតិចជាង 10នាក់ឡើយ។

ពួកគេទាំងនោះ…គឺជាឪពុក ជាម្ដាយ ជាស្វាមី ជាភរិយា ជាកូន ជាមិត្តសំឡាញ់…ពួកគេបានប្រាប់ថា “ពួកយើង មិនមែនជាវីរបុរស-វីរនារីទេ ព្រោះនេះជាភារកិច្ចរបស់ពួកយើង”។

សារព័ត៌មានចិន នាន់ ហ្វាង ទូ ស៊ឺ (南方都市报) បានផលិតសារព័ត៌មានច្បាប់ពិសេស 1ច្បាប់ ឈ្មោះថា “ស្នាមត្រា” ដោយបានបង្ហាញរូបភាពឈុតនៃផ្ទៃមុខរបស់បណ្ដាគ្រូពេទ្យ និងគិលានុបដ្ឋាកដែលបានដោះម៉ាស់ការពារចេញ បង្ហាញឱ្យឃើញ “ស្នាមត្រានៃមហាវីរកម្ម”…ជាផ្ទៃមុខដ៏ស្រស់ស្អាត និងភាពតស៊ូដ៏មោះមុត។

យើងនាំគ្នាមកស្ដាប់ពាក្យសម្ដីដ៏សែនរំជួលចិត្តរបស់ពួកគេ ដូចតទៅ…៖

1.ជឹង តុងអ៊ឺ គិលានុបដ្ឋាក នៃមន្ទីពេទ្យរបស់មហាវិទ្យាល័យ ជីណាន់

“ពួកយើងមិនអាចថយបានទេ! និងមិនដែលគិតថា នឹងថយទៀតផង…”

2. ចូ យៀនភឹង គិលានុដ្ឋាក នៃមន្ទីរពេទ្យ ណាន់ហ្វាង

“ខ្ញុំនឹកសង្ឃឹមត្រឹមតែបានសាងជាគំរូដ៏ល្អដល់មនុស្សជំនាន់ក្រោយប៉ុណ្ណោះ
ជាគំរូមួយដ៏មានគុណតម្លៃ
សង្ឃឹមថា នៅពេលពួកគេជួបឧបសគ្គ ពួកគេនឹងមិនរួញរា…”

3. ទឹង យ៉ា គិលានុបដ្ឋាក នៃមន្ទីរពេទ្យប្រជាជន មណ្ឌល ក្វាងទុង

“ជាធម្មតា ពួកយើងនិយាយគ្នាតាម វីឆាត
ម៉ែនៅតែគិតថា ខ្ញុំកំពុងធ្វើការនៅក្វាងទុង
ហើយពុកក៏មិនបានប្រាប់ម៉ែដែរ…”

4. ខុង ភើយវឹន គិលានុបដ្ឋាក នៃមន្ទីពេទ្យប្រជាជន មណ្ឌល ក្វាងទុង

“វាមិនល្អមើលសោះ!
ឃើញស្លាកស្នាមទាំងអស់នេះហើយ នឹកអាណិតខ្លួនឯងណាស់…
ចាំឱ្យអ្វីៗគ្រប់យ៉ាងល្អប្រសើរឡើងវិញ នោះមនុស្សខ្ញុំដូចពីមុន នឹងត្រឡប់មកស្អាតម្ដង
ទៀត…”

5. វេជ្ជបណ្ឌិត ស៊ឺ ស៊ាង ផ្នែកអ្នកជំងឺធ្ងន់ នៃមន្ទីពេទ្យរបស់មហាវិទ្យាល័យ ចុងសាន់

“រឿងដែលខ្ញុំចង់ធ្វើខ្លាំងបំផុតនៅពេលនេះ គឺផឹកកូកាកូឡា 1ដប…ហ្នឹងគឺមានសេចក្ដីសុខបំផុត…
មុនហ្នឹង ខ្ញុំផឹកទឹកផ្លែឈើម្ដងកន្លះលិត្រ 1ក្អឹកអស់រលីង”

6. អ៊ូ ជីនលីង គិលានុបដ្ឋាក ប្រចាំមន្ទីពេទ្យរបស់មហាវិទ្យាល័យ ជីណាន់

“ពីដំបូងដែលឃើញអ្នកជំងឺដែលមើលទៅរាងអស់សង្ឃឹម
ពួកយើងមានអារម្មណ៍សោកសៅ និងអាណោចអធមខ្លាំងណាស់…
កាលពីសប្ដាហ៍មុន ពួកយើងស្លៀកឈុតការពារមេរោគពណ៌លឿង
លោកគ្រូពេទ្យ ពាក់វាត្រឹមតែ 1ម៉ោងក៏ហួសនឹងទ្រាំទៅហើយ
តែខ្ញុំទ្រាំស្លៀកវាបានដល់ទៅ 3ម៉ោង”

7. អ៊ូ ចាងមិង គិលានុបដ្ឋាក នៃមន្ទីរពេទ្យប្រជាជន ប្រចាំមណ្ឌល ក្វាងទុង

“មុនចាប់ផ្ដើមធ្វើការ ខ្ញុំថតវីដេអូខ្លួនឯង
ដកដង្ហើមធំហើយ…ស្រែក “ស៊ូឡើង! ស៊ូឡើង!”
ខ្ញុំត្រូវតែមើលថែទាំខ្លួនឯងឱ្យបាន ហើយនឹងត្រឡប់មកវិញព្រមជាមួយជ័យជម្នះ!”

8. វេជ្ជបណ្ឌិត សៀវ កួនហួ ផ្នែកប្រព័ន្ធដកដង្ហើម មន្ទីរពេទ្យ ណាន់ហ្វាង

“ការពិតទៅ ពេលនោះ ខ្ញុំមានអារម្មណ៍កង្វល់ខ្លាំងណាស់
ទើបប្រពន្ធខ្ញុំនិយាយឡើងថា
“បើបងឯងមិនទៅ វាលែងជាបងឯងហើយ…”

9. វេជ្ជបណ្ឌិត អ៊ី ហ៊ុយ ប្រចាំផ្នែកជំងឺប្រព័ន្ធដកដង្ហើម មន្ទីរពេទ្យ ចុងសាន់

“ម្សិលមិញ ជាថ្ងៃខួបកំណើតកូនស្រី
ខ្ញុំមានអារម្មណ៍សោកស្ដាយ
ដែលធ្វើឱ្យកូនអស់សង្ឃឹម…
ឆ្នាំនេះនាងអាយុ 4ឆ្នាំហើយ
រាល់ឆ្នាំ ខ្ញុំតែងនៅជាមួយនាង
សង្ឃឹមថា ពួកគេនឹងស្ងប់ចិត្ត និងមានសុវត្ថិភាព”

10. ចាង ជឺពួ គិលានុបដ្ឋាក មន្ទីរពេទ្យ ណាន់ហ្វាង

“សង្ឃឹមថា ស្ថានការណ៍ នឹងល្អប្រសើរឡើងឆាប់ៗនេះ
ចង់ត្រឡប់ទៅផ្ទះវិញ…
ខ្ញុំនៅខាងក្រៅយូរហើយ
យូររហូតដល់ភ្លេចពីអារម្មណ៍ពេលនៅផ្ទះមានប៉ាម៉ាក់មើលថែទាំ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement