មនុស្ស​ជិត 110,000នាក់ បាន​ឆ្លង​វីរុស Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​…

វីរុស​ Covid-19 បាន​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 104 នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ 109,840នាក់បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះមាន​អ្នក​ជំងឺ​ 3,805នាក់​ បាន​បាត់​បង់​ជីវិត​។

ចំនួន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ Covid-19 នៅ​ប្រទេស​អ៊ីតាលី និង​អ៊ីរ៉ង់ នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ចំនួន​ 1,492​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នកបាន​ឆ្លង​វីរុស​នេះ​ កើន​ដល់​ 7,375នាក់​ ខណៈ​ដែល​អ្នក​បាន​ឆ្លង​ជំងឺ​នេះ​នៅ​អ៊ីរ៉ង់​ គឺ 6,566នាក់​ កើន​ 743នាក់​ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។ ដូច្នេះ អ៊ីតាលី បាន​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី2 ជំនួស “តំណែង” របស់​​កូរ៉េខាង​ត្បូង។

អ៊ីតាលី នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 ច្រើន​ជាង​គេ​លំដាប់​ទី​2 បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ស្លាប់​366នាក់ កើន​133ករណី ធៀបនឹង​មុន​នេះ​1ថ្ងៃ​។ ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ Lombardy និង​ខេត្ត​ចំនួន​11 នៅ​ក្នុង​តំបន់ Emilia-Rmagna តំបន់ Veneto តំបន់ Piedmont និង​តំបន់ Marche ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​រោគ​រាតត្បាត​ Covid-19។

ប្រទេស​កូរ៉េខាង​ត្បូងវិញ មាន​អ្នក​ឆ្លងរោគ​កូរ៉ូណា​នេះ​ ចំនួន​7,314​នាក់ គឺ​កើន​272ករណី ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។ ចំណែក​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាកសួត​ដែល​បង្ក​ឡើង​ដោយ​វីរុស​ Covid-19នេះ បាន​ឡើង​ដល់​50នាក់​។

ប្រទេស​ចិន មិន​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​សម្រាប់​ព្រឹក​នេះ​នៅឡើយ​ ប៉ុន្តែ ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ មានអ្នក​ផ្ទុកមេរោគ​រាត​ត្បាត​កូរ៉ូណាចំនួន​ 80,699នាក់ ក្នុង​នោះ អ្នក​ជំងឺ​ចំនួន 3,803នាក់​បាន​បាត់​បង់​ជីវិត​។

ប្រទេស​បារាំង​ មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន 1,126​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន19នាក់ ខណៈប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​មេរោគ​នេះ ចំនួន 1,040នាក់។

 

ក្រៅពី​បណ្ដា​ប្រទេស​ខាង​លើ ក៏នៅ​មាន​ប្រទេស​ជា​ច្រើន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ច្រើន​ផង​ដែរ​ មាន​ដូច​ជា​ ប្រទេស​អេស្ប៉ាញ មាន​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ចំនួន 673នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ 17នាក់​។ សហ​រដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ 531នាក់ កើន​ឡើង​96នាក់ បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​ដែរ អ្នក​ស្លាប់មាន​ចំនួន​21​នាក់​។

មេរោគ​រាត​ត្បាត​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​នៅ​តំបន់ Wuhan ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​វា​បាន​ឆ្លង​រាល​ដាល​ទៅ​ប្រទេស និង​ដែនដី​ចំនួន 104​ ក្នុង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជិត 110,000​​នាក់​ បាន​ឆ្លង​រោគនេះ ក្នុង​នោះមាន​មនុស្ស​ 3,805​នាក់​បាន​ស្លាប់ និង​ជិត 61,000​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement