មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​អ៊ីតាលី ឆ្លង​វីរុស​ Covid-19 ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ក៏ត្រូវ​បង្ខាំង​ខ្លួន…

Nicola Zingaretti ដែល​ជា​មេដឹក​នាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​ភាព​នៃ​ក្រុម​គ្រប់​គ្រង​អំណាច​របស់​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា លោក​បាន​ឆ្លង​មេរោគ Covid-19 បន្ទាប់​ពី​បាន​ធ្វើ​តេស្ត។

“លោក​គ្រូពេទ្យ​ប្រាប់​ថា ខ្ញុំ​វិជ្ជ​មាន​ជាមួយ​នឹង​ Covid-19។ ប៉ុន្តែ ខ្ញុំ​មាន​សុខ​ភាព​ល្អ ហើយ​ខ្ញុំនឹង​នៅ​ផ្ទះ​មួយ​រយៈ​ពេល​។ ខ្ញុំ​នឹង​នៅ​តែ​បន្ត​តាម​ដាន​ការ​ងារ​ដែល​ត្រូវ​ធ្វើ​” នេះ​គឺជា​ការ​អះអាង​របស់​លោក Zingaretti អាយុ​54ឆ្នាំ ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​របស់​អ៊ីតាលី។

លោក Zingaretti ក៏បាន​ឱ្យ​ដឹង​ថា គ្រួ​សារ​របស់​លោក កំពុង​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​។

មេដឹក​នាំ​រូប​នេះ​បន្ត​ថា “ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា ចូរ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាត​ត្បាត​នេះ​។ ខ្ញុំ​នឹង​ធ្វើ​ជា​គំរូ និង​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រុម​គ្រូពេទ្យ និង​អ្នក​វិទ្យា​សាស្ត្រ​ដែល​បាន​លើក​ឡើង​”។

លោក Zingaretti គឺជា​មេដឹក​នាំ​របស់​បក្ស​ប្រជា​ធិបតេយ្យ​ (PD) តាំង​ពី​ឆ្នាំ​2019។ គណបក្ស​នេះ បាន​រួម​ដៃ​ជា​មួយ​បក្ស​ ចលនា​ផ្កាយ​5 (Five Star Movement) បង្កើត​បាន​ជា​រដ្ឋា​ភិបាល​ចម្រុះ​របស់​អ៊ីតាលី​។ ករណី​របស់​លោក​ Zingaretti បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងពី​សំណាក់​មន្ត្រី​រដ្ឋា​ភិបាល​ចម្រុះ​នេះ​ ព្រោះ​ថា មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ធ្លាប់​នៅ​ក្បែរ​លោក មុន​ពេល​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក Covid-19។

ចំណែក​​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​នៃ​ប្រទេស​អ៊ីតាលី លោក Stefano Patuanelli ក៏បាន​បង្ខាំង​ខ្លួន​ឯង​ បន្ទាប់​ពី​ជំនួយ​ការ​ម្នាក់​របស់​លោក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​។ រីឯ Attilio Fontana ដែល​ជា​អភិបាល​តំបន់ Lombardy (ដែល​ជា​តំបន់​សម្បុកមេរោគមួយ​របស់​អ៊ីតាលី) ក៏បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement