Facebook បិទ​ការិយាល័យ​​ប្រចាំ​ទីក្រុង​ឡុងដ៍​ បុគ្គលិក​3,000នាក់ ត្រូវ​ធ្វើ​ការ​នៅ​ឯផ្ទះ ព្រោះ​តែ​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ Covid-19

ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​ប្រកាស​ថា បុគ្គលិកដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​​ដែល​ធ្វើ​ការ​នៅ​សិង្ហ​បុរី ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ខែ​មុន​។ ដូច្នេះ Facebook ត្រូវ​បង្ខំ​ចិត្ត​ បិទ​ការិយា​ល័យ​ទាំង​នេះ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។

ក្រុម​ហ៊ុន​ Facebook នឹង​បិទ​ការិយា​ល័យចំនួន​3 ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ រហូត​ដល់​ថ្ងៃចន្ទ បន្ទាប់​ពី​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​ បាន​ឆ្លង​មេរោគ​ Covid-19 និង​ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​ Facebook ទាំង​នោះ​ ចាប់​ពី​ថ្ងៃទី​24-26កុម្ភៈ​កន្លង​ទៅ​។

ចំណែក​បុគ្គលិកផ្សេង​ៗ​ទៀត​នៅ​ទីក្រុង​ឡុងដ៍ Facebook បានតម្រូវ​ឱ្យពួកគេ​​ធ្វើ​ការ​ងារ​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook មាន​បុគ្គលិក​ចំនួន​ 3,000​នាក់ កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​។

គេ​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​ប៉ះពាល់​ ឬ​នៅ​ក្បែរ​បុគ្គលិក​ដែល​មាន​ផ្ទុក​ Covid-19នេះ​ ប៉ុន្តែ Facebook បាន​ឱ្យ​ដឹង​ថា ក្រុ​មហ៊ុន​នេះ​កំពុង​ខិត​ខំ​ស្រាវ​ជ្រាវ​លើ​រឿង​នេះ​។ បុគ្គលិក​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ឯទីក្រុង​ឡុងដ៍ ត្រូវ​បា​ន​ស្នើ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រសិនបើ​​ពួកគេ​មាន​រោគ​សញ្ញា​ចម្លែក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement