សមាជិក​សភា​បារាំង​ ឆ្លង​មេរោគ​ Covid-19 ខណៈ​​អ្នក​ជំងឺ​ 23នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​

សមាជិក​​សភា​បារាំង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បន្ទាន់​ដើម្បី​ព្យា​បាល​ជំងឺ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19។

ស​ភា​ជាន់​ទាប​របស់​បារាំង​ បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​ 5មីនា​ ឱ្យ​ដឹង​ថា តំណាង​រាស្ត្រ​មួយ​រូប​របស់​ប្រទេស​នេះ ត្រូ​វ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ក្រោយ​ពី​បាន​ឆ្លង​វីរុស​ Covid-19 ដែលមេរោគ​នេះ​កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​​។

បុគ្គលិក​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិមាន​សភា​បារាំង ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ​ដែរ ហើយ​ក៏​កំពុង​បង្ខាំង​ខ្លួន​នៅ​ឯផ្ទះ​។ ក្នុង​សេចក្ដី​ប្រកាស​ខាង​លើ​ ក៏​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ម្នាក់​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​​អាហារ​ដ្ឋាន​​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បារាំង​ ក៏​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​មក​បុគ្គលិក​ម្នាក់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

សេចក្ដី​ប្រកាស​របស់​សភា​ជាន់​ទាប​បារាំង​ មិន​បាន​ប្រាប់ឱ្យ​ដឹង​អំពិ​​ឈ្មោះ​របស់​សមា​ជិក​សភា​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​​នោះ​ទេ ប៉ុន្តែ បាន​សង្កត់​ធ្ងន់​ថា មនុស្ស​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិមាន​សភា​នេះ​ ត្រូវ​បាន​ជូន​ដំណឹង​​​រួច​រាល់​ហើយ​​អំពី​ករណី​ខាង​លើ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Straits Times​។

កាល​ពី​ថ្ងៃទី​5មីនា​កន្លង​ទៅ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ និង​ក្រុម​អ្នក​ជំនាញ ដើម្បី​ស្វែង​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ខ្លាំង​នៃ​មេរោគ​ Covid-19 នៅ​ប្រទេស​នេះ​។

ប្រទេស​បារាំង​ បច្ចុប្បន្ន មាន​អ្នកផ្ទុក​មេរោគ Covid-19 ចំនួន​ 423នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 7នាក់​។ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បារាំង Jérôme Salomon បាន​​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​នេះ មាន​អ្នក​ជំងឺ 23នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

ប្រភព៖ សា​រព័ត៌មាន​បរទេស

Advertisement