ចិនចេញបែបបទសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការការពារខ្លួន នៅពេលត្រូវធ្វើដំណើរក្នុងអំឡុងពេលដែលមេរោគ COVID-19 កំពុងរាតត្បាត ឱ្យប្រជាជនបានប្រតិបត្តិ

យោងតាមសារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយកាលពីថ្ងៃទី4 មីនាម្សិលមិញ បានឱ្យដឹងថា ក្នុងអំឡុងពេលដែលមេរោគ COVID-19 នៅតែកំពុងឆ្លងរាលដាលយ៉ាងឥតឈប់ឈរនេះ រដ្ឋបាលរបស់ប្រទេសជាច្រើនទូទាំងពិភពលោកបានប្រមែប្រមូលចំណេះដឹង សមត្ថភាព និងសក្ដានុពលទាំងអស់ដើម្បីធ្វើជាបែបបទ សួរ-ឆ្លើយ សម្រាប់អ្នកធ្វើដំណើរនៅទូទាំងពិភពលោកបានការពារខ្លួន និងបង្ហាញដល់មន្ត្រី និងអាជ្ញាធរ ដើម្បីទប់ទល់នឹងស្ថានការណ៍មេរោគឆ្លងដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន។

សួរៈ តើគួរការពារខ្លួនឯងយ៉ាងណា នៅពេលត្រូវធ្វើដំណើរដោយយន្តហោះ?

ឆ្លើយៈ កុំទៅដល់អាកាសយានដ្ឋានមុនពេលកំណត់យូរពេក ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ចរហូតក្នុងពេលធ្វើដំណើរ។ ចៀសវាងពីការជជែកគ្នាជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ និងអង្គុយឱ្យឆ្ងាយពីអ្នកឯ​ទៀត​តាមដែលអាចធ្វើទៅបាន។

សួរៈ ពេលឡើងជិះតាក់ស៊ី ត្រូវប្រយ័ត្នអ្វីខ្លះ?

ឆ្លើយៈ ទាំងអ្នកបើកបរ និងអ្នកដំណើរ គួរតែពាក់ម៉ាស់អនាម័យការពារឱ្យបានត្រឹមត្រូវ។ មុនឡើងជិះរថយន្ត គួរបើកទ្វារចំហចោលមួយភ្លែត ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល។ បើកចំហបង្អួចក្នុងអំឡុងពេលធ្វើដំណើររហូត ព្រោះសម្រាប់ការការពារមេរោគ COVID-19 នេះ ការបក់ចេញចូលផ្លាស់ប្ដូរនៃខ្យល់អាកាសពីខាងក្រៅចូលមក ពិតជាល្អប្រសើរជាងខ្យល់អាកាសដែលនៅខាងក្នុងរថយន្ត។

សួរៈ តើការធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬរថភ្លើងក្រោមដី ជាការបន្ថែមភាពប្រថុយប្រថានក្នុងការឆ្លងមេរោគដែរឬទេ?

ឆ្លើយៈ ការស្ថិតនៅក្នុងទីសាធារណៈ ពិតជាប្រថុយប្រថានក្នុងការឆ្លងមេរោគបានគ្រប់ពេលវេលា ដូច្នេះ ជំនួស​ឱ្យការកង្វល់ថា គួរតែធ្វើដំណើរដោយអ្វីនោះ គួរតែផ្ដល់ភាពសំខាន់លើការពាក់ម៉ាស់អនាម័យការពារ និង​លាង​​ដៃឱ្យបានស្អាតជាមុនសិនប្រសើរជាង។

សួរៈ សម្រាប់អ្នកបើកបររថយន្តតាក់ស៊ី នៅក្នុងអំឡុងពេលមេរោគវីរុសកំពុងរាតត្បាត

ឆ្លើយៈ ការបក់ចេញ-ចូលរបស់ខ្យល់អាកាស ជារឿងសំខាន់បន្ទាប់ពីពាក់ការម៉ាស់អនាម័យការពារ ការលាង​ដៃឱ្យស្អាត និងការប្រើក្រដាសសើមដែលអាចសម្លាប់មេរោគបាន។ បើសិនអ្នកដំណើរមានអាការឈឺថ្កាត់ឡើងមកក្នុងរថយន្ត គួរសម្លាប់មេរោគនៅលើដៃទ្វាររថយន្ត និងកៅអីអង្គុយ បន្ទាប់ពីអ្នកដំណើរម្នាក់នោះចុះពីរថយន្តទៅហើយ។

សួរៈ ចុះបើត្រូវធ្វើដំណើរដោយរថយន្តក្រុងក្នុងរយៈពេលយូរ?

ឆ្លើយៈ ជ្រើសរើសអង្គុយនៅកន្លែងដែលឆ្ងាយពីអ្នកឯទៀត និងសុំឱ្យអ្នកបើកបរ ចតរថយន្តនៅកន្លែង​ឈប់​សម្រាក រៀងរាល់ 2ម៉ោងម្ដង ដើម្បីឱ្យបានចេញមកស្រូបខ្យល់អាកាសបរិសុទ្ធ។

សួរៈ វិធានការរក្សាសុវត្ថិភាពអ្នកធ្វើដំណើរចូល-ចេញពីប្រទេស

ឆ្លើយៈ ប្រជាជនគ្រប់រូបដែលធ្វើដំណើរចូល-ចេញពីប្រទេស ត្រូវបង្ហាញឯកសារពីស្ថានភាពខាងសុខភាព ហើយ​អាជ្ញាធរនៃអាកាសយានដ្ឋាន នឹងត្រួតពិនិត្យមើលថា តើអ្នកដែលធ្វើដំណើរចូល-ចេញទាំងអស់ មានអាការឈឺថ្កាត់ ឬមានប្រវត្តិការធ្វើដំណើរទៅប្រទេស ឬភូមិភាគដែលមានការរកឃើញថា មានអ្នកឆ្លងមេរោគ COVID-19 ក្នុងរយៈពេល14ថ្ងៃកន្លងមកដែរឬទេ?

អាជ្ញាធរចិន បានបកប្រែឯកសារការបង្ហាញពីស្ថានភាពខាងសុខភាពរបស់អ្នកដំណើរខាងលើ ជាភាសារបរទេសជាង 10ភាសា និងរៀបចំធ្វើជាមីនីប្រូក្រាមនៅក្នុងអ៊ែបភ្លីខេសឹន ដើម្បីអាចឱ្យអ្នកធ្វើដំណើរទាំង ឡាយ ប្រើទូរស័ព្ទដៃបង្ហាញឯកសារផ្នែកសុខភាពរបស់ខ្លួនតាមប្រព័ន្ធអនឡាញបាន៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement