ករណី​ជប៉ុន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ ដែល​បានធ្វើ​ដំណើរ​តាម​យន្ត​ហោះ​​វៀតណាមចេញ​ពី​សៀម​រាប​៖ កម្ពុជា​កំពុងស្រាវ​ជ្រាវ​​រឿង​នេះ ខណៈជប៉ុន​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ ឯវៀត​ណាម​​ប្រកាស​លម្អិ​តអំពី…

អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ដែល​ហោះ​ចេញពីទី​ក្រុង​សៀម​រាប​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​អាជ្ញា​ធរ​ប្រទេស​ជប៉ុន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ទាន់​ត្រូវ​បានជប៉ុន​​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ ចំណែក​កម្ពុជា​ក៏​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​។

យន្ត​ហោះ​មួយ​គ្រឿង​ដែល​មាន​លេខ​សម្គាល់​ជើង​ហោះ​ហើរ VN814 បាន​ចាកចេញ​ពីទីក្រុង​សៀម​រាប​ ​ឆ្ពោះ​ទៅ​កាន់​​វៀត​ណាម មុន​នឹង​​បាន​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន។ ​អ្នក​ដំណើរ​6នាក់ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​​នេះ​ បានបំពេញ​បែប​បទ​​ចូលទៅទេសចរ​នៅ​​​ប្រទេស​វៀត​ណាម​​។

វេជ្ជ​បណ្ឌិត​ Nguyen Tri Dung ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​នៃ​ទីក្រុង​ហូជីមីញ បាន​ឱ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​នេះ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​គ្រប់គ្រង​​​ព្រលាន​យន្ត​ហោះ Tan Son Nhat ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ VN814 ដែល​បាន​ហោះ​ចេញពី​ទីក្រុង​សៀម​រាប ឆ្ពោះទៅកាន់​​ព្រលាន​យន្ត​ហោះ​ Tan Son Nhat នៅ​វេលា​ម៉ោង​ 22:03នាទី ថ្ងៃទី​3មីនា គឺ​មាន​អ្នក​ដំណើរ​ម្នាក់​ ដែល​ត្រូវ​​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​វីរុស​ Covid-19 បន្ទាប់​ពី​បាន​ទៅ​ដល់ប្រទេស​ជប៉ុន។

ក្នុង​ចំណោម​អ្នក​ដំណើរ​67នាក់​នៅ​ក្នុង​​ជើង​ហោះ​ហើរ VN814 នេះ មាន​អ្នក​ដំណើរ​6នាក់ បាន​បំពេញ​បែប​បទ​ចូល​លេង​ប្រទេស​វៀត​ណាម រួម​មាន​ជនជាតិបារាំង​3នាក់ អូស្ត្រាលី​ម្នាក់ ​វៀត​ណាមម្នាក់ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ហ្វីលីពីន។ ជនជាតិ​ហ្វីលីពីន​ម្នាក់​នេះ បាន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​នា​ថ្ងៃ​ទី​4មីនា​។ អ្នក​ដំណើរ​5នាក់​​ខាងលើ​ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​។

ចំណែក​អ្នក​ដំណើរ​ 61នាក់ ដែល​ធ្វើ​ដំណើរ​ក្នុងជើង​ហោះ​ហើរ VN814 បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ ក្នុង​នោះ​ មាន​ជន​ជាតិ​អង់គ្លេស​​50នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍(ប្រទេស​អង់គ្លេស) 7នាក់​ទៅកាន់​ Narita​(ជប៉ុន) ម្នាក់​ទៅ​កាន់​ Nagoya(ជប៉ុន) 2នាក់​ទៅ​កាន់​ Busan(កូរ៉េខាង​ត្បូង) និង​ម្នាក់​ទៀត​ទៅ​កាន់​ទីក្រុង​ម៉ានិល ប្រទេស​ហ្វីលីពីន​។

អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោមអ្នក​ដំណើរ​ជនជាតិ​ជប៉ុនខាង​លើ បានបន្ត​ដំណើរ​ទៅ​កាន់​ Nagoya(ជប៉ុន) តាម​ជើង​យន្ត​ហោះ VN340 នា​យប់​ថ្ងៃទី​3មីនា ហើយ​ពេល​ទៅ​ដល់​អាកាស​យានដ្ឋាន​ Nagoya ក៏​មាន​អាការ​ក្ដៅ​ខ្លួន​។ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​ពិនិត្យ​សុខ​ភាព ក្រុម​មន្ត្រី​សុខា​ភិបាល​ជប៉ុន​ក៏បាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​នេះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19។

ជាក់​ស្ដែង អ្នក​ដំណើរ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​សៀម​រាប និង​បាន​​ចុះចត​នៅឯ​ព្រលាន​យន្ត​ហោះ​ Tan Son Nhat (វៀត​ណាម) កាល​ពី​ថ្ងៃទី​3មីនា ដោយ​ធ្វើ​ដំណើរ​តាម​​​ជើង​ហោះ​ហើរ​ VN814 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietnam Airlines និង​បាន​​អង្គុយ​កៅអីលេខ 33D ហើយ​ក្រោយ​មក​ក៏​បាន​ប្ដូរ​ទៅ​ជើង​ហោះហើរ VN340 របស់​ក្រុម​ហ៊ុន​ Vietnam Airlines ដដែល​ ដើម្បី​​បន្ត​​ដំណើរ​ទៅ​ជប៉ុន ដោយ​អង្គុយ​កៅអីលេខ​ 2C។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន​ BBC។

ឆ្លើយ​តប​នឹង​ព័ត៌មានខាងលើ​នេះ​ លោក ​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​​ សៀម​រាប​ បាន​​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​ម្នាក់​ខាង​លើ​នេះ ​គឺ​​ជា​អ្នក​រស់នៅ​ និង​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្តសៀមរាប​ មិនមែន​ជា​អ្នក​​ទេសចរនោះ​ទេ​។ អាជ្ញាធរ​ខេត្ត​ សៀម​រាប បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ​ ដោយ​បាន​សហការ​ជាមួយនឹង​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប មន្ទីរ​ និង​ក្រសួងសុខាភិបាល​សុខាភិបាលផងដែរ​។ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ខេត្ត​ និង​ភាគី​កុងស៊ុល​ជប៉ុន​ប្រចាំខេត្ត​បាន​បញ្ជាក់​ថា​ មុន​ចេញដំណើរ​ការពិនិត្យ​សុខភាព​ជនជាតិ​ជប៉ុន​រូបនេះ​ បាន​បង្ហាញ​ថា​ ពុំមាន​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​ដង្ហើម COVID-19​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Kampucheathmey។

ប្រភព​ដដែល​បាន​បន្ត​ថា ភាគី​ជប៉ុន​បាន​បញ្ជាក់​ថា ​ក្រសួងសុខាភិបាល​ជប៉ុន ពុំទាន់​បាន​ជូនដំណឹង​ជា​ផ្លូវការ ថា​ជនជាតិ​ជប៉ុន​រូបនេះ ​មាន​ឆ្លង​មេរោគ COVID-19 នៅឡើយ​ដែរ។ ទន្ទឹមនឹងនេះ ​ លោក​អភិបាល ខេត្ត​ សៀម​រាប បាន​ណែនាំ​ឲ្យ​មន្ត្រី​សុខាភិបាល ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដាក់ចេញ​នូវ វិធានការ​នានា​ដើម្បី​ត្រៀម​បង្ការ​ និង​ស្រាវជ្រាវ​ករណីនេះ បើទោះបីជា​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ។

​រដ្ឋបាល​ខេត្ត​សៀមរាប ​​ក៏បាន​​អំពាវនាវ​ឲ្យ​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ រង់ចាំ​ការ​អះអាង​​ជា​ផ្លូវការ​លើករណី​នេះ​ពី​​​ភាគី​ជប៉ុន ក៏ដូចជា​ក្រសួងសុខាភិបាល​របស់​កម្ពុជា​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement