ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​លើស​ពី​ 10,000នាក់​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃទី​3មីនា​។

របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​3មីនា ​មានអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 យ៉ាង​ហោច​ណាស់ 10.566 នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​72 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ក្នុង​នោះ​​យ៉ាង​តិច​ 1,792​នាក់គឺជា​អ្នក​ជំងឺ​​ថ្មី​ ដែល​បាន​ឆ្លង​ត្រឹម​​រយៈ​ពេល​24ម៉ោង​ចុងក្រោយ​នេះ​។

នៅ​ក្នុង​​អំឡុង​ពេល​ WHO ស្រង់​ស្ថិតិ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​​ដល់​​166​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ 37ករណី​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​។

របាយ​ការណ៍​របស់​ WHO បាន​ឱ្យ​ដឹង​ថា “8ប្រទេស​ថ្មីទៀត ដូច​ជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយ​ហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង​ ទុយនីស៊ី បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​​ក្នុង​អំឡុង​24ម៉ោង​កន្លង​ទៅ​នេះ​ផងដែរ”។

គិត​មក​ដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​ចិន(ចិនដីគោក) ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើង​ដល់​ជាង 80,304​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​គឺ​​ 2,946​នាក់​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​ពិភព​លោក បាន​កើន​ដល់ជាង 92,861នាក់ គិត​មក​ដល់​ពេលនេះ​​។

ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ចំនួន​3ផ្សេង​ទៀត​ រួម​មាន​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក៏បាន​ក្លាយ​ជាសម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement