Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេសនេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​477នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​កើន​ដល់​4,812​នាក់។

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៃ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះ​បាន​ប្រកាស​នៅ​ព្រឹក​មិញ​នេះ​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​477នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​4,812​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​28នាក់​។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ Covid-19 គឺមាន​60% ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji ដែល​ដឹក​នាំ​ដោយ​លោក​អាចារ្យ​ Lee Man-hee។ វិហារ​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង Daegu ដែល​ជា​ទី​ក្រុង​ធំ​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជាជន​ចំនួន​2,5នាក់​កំពុង​រស់​នៅ​។

សូមបញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​លោក​អាចារ្យ​ Lee Man-hee ទាក់​ទិន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ Covid-19 ទៅ​លើ​ក្រុម​សាសនិក​​ដែល​ជា​សមាជិក​នៃ​វិហារ​ដែល​គាត់​គ្រប់គ្រង​។ កាល​ពី​ម្សិល​មិញ លោកអាចារ្យ​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​សុំ​ទោស​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 ទៅ​លើ​សមាជិក​នៃ​វិហារ​ Shincheonji ដោយ​គាត់​បាន​លុតជង្គង់​​ក្រាប​សំពះសុំ​ទោស​អ្នក​រាល់គ្នា​។

គិត​មក​ដល់​ពាក់​កណ្ដាល​យប់​នៃ​ថ្ងៃទី​2មិនា ចំនួន​អ្នក​ឆ្លង​មេរោគ​បន្ថែម​ថ្មី​នៅ​កូរ៉េខាង​ត្បូង​​ដែល​គេ​រាប់​ចូល​ទៅ​ក្នុង​ថ្ងៃ​ទី​2មិនា​ គឺ​មាន​ចំនួន​600នាក់ ក្នុង​នោះ មាន​519ករណី​នៅ​ក្នុង​តំបន់ Daegu និង​61ករណី​នៅ​ខេត្ត Gyeongsang ខាង​ជើង និង​ច្រើន​ករណី​ទៀត​នៅ​ក្នុង​តំបន់​ផ្សេងៗ។ ចំណែក​ទីក្រុង Seoul ក៏មាន​អ្នក​ឆ្លង​រោគ​បន្ថែម​7នាក់​ផងដែរ​។

នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19​ មាន​ចំនួន​3,117នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជាង 90,912នាក់​។ ចំណែក​​អ្នក​ដែល​បាន​​ជា​សះស្បើយ​ពី​ជំងឺ​ មាន​ចំនួន​ជិត48,000​នាក់៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement