តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

Ma Jianguo អាយុ​23ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​បាន​យក​កាំ​បិត​ចាក់​សម្លាប់​បុគ្គលិក​ប្រឆាំង​អាសន្ន​រោគ​ Covid-19 ចំនួន​2នាក់។

តុលាការ​កំពូល​នៅតំបន់​ស្វយ័ត Honghe ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាល​ពី​ម្សិល​មិញ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ឈ្មោះ Ma Jianguo ក្រោម​បទ​ចោទ “អំពើមនុស្ស​ឃាត​ដោយ​ចេតនា”​។

យោង​តាម​​បទ​ចោទ​ កាល​ពី​ថ្ងៃទី​6កុម្ភៈ ឈ្មោះ Ma Jianguo ដឹក​ភ្ញៀវ​ម្នាក់​ឆ្លង​កាត់​តំបន់​ត្រួត​ពិនិត្យ​អាសន្ន​រោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​តំបន់​ស្វយ័ត​ Honghe ហើយ​បាន​ព្យា​យាម​ទាញ​របាំង​ផ្លូវ​ចេញ​ពី​កន្លែង​ត្រួត​ពិនិត្យ ពេល​នោះ Zhang Guizhou ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុគ្គលិកប្រឆាំង​ Covid-19 ​2នាក់​ដែល​មើល​ការ​ខុស​ត្រូវ​កន្លែង​ត្រួត​ពិនិត្យ​នេះ​ ក៏យក​ទូរស័ព្ទ​ចេញ​មក​ថត​សកម្ម​ភាព​ដើម្បី​ទុក​ជា​ភ័ស្តុ​តាង​។

ខឹង​ខ្លាំង​ពេក Ma Jianguo ក៏បាន​ហូត​កូន​កាំបិត​ចេញ​ពី​ថង់​អាវ និងបាន​ចាក់​ទៅ​លើ​ទ្រូង​របស់ Zhang ជា​ច្រើន​កាំបិត​។ ឃើញ​ដូច្នេះ បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ​ Li Guomin ក៏បាន​រត់​ចូល​ទៅ​ជួយ​ ប៉ុន្តែ​ក៏ត្រូវ​បាន​ជនដៃ​ដល់​ចាក់​សម្លាប់​ បណ្ដាល​ឱ្យ​បុគ្គលិក​ប្រឆាំង​ Covid-19 ទាំង​2នាក់​នេះ​បាត់​បង់​ជីវិត​។

តុលាការ​តំបន់​ស្វយ័ត Honghe បាន​ឱ្យ​ដឹង​ថា កន្លង​មក​ជន​ដៃ​ដល់​ខាង​លើ ធ្លាប់​ត្រូវ​បាន​​ប្ដឹង​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នក​ដទៃដែរ​ ហើយ​នេះ​គឺជា​លើក​ទី2ហើយ​ដែល​ជននេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​។ បើ​ទោះ​ជា​ជន​ល្មើស​បាន​ចេញ​មក​សារ​ភាព​ ប៉ុន្តែ​ ដោយ​សារ​មាន​សភាព​ឃោរ​ឃៅ​ខ្លាំង​ពេក តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​។

តុលាការ​បាន​ប្រកាស​ថា “Ma Jianguo បាន​រំលោភ​ច្បាប់​ជាតិ​ ខណៈ​ដែល​ខេត្ត Yunnan កំពុង​ជួប​បញ្ហា​អាសន្ន​ធំ​បំផុត​ទាក់់​ទិន​នឹង​សុខា​ភិបាល​។ ជនល្មើស​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍គ្រប់​គ្រង​អាសន្ន​រោគ និង​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Nytimes។

ប្រទេស​ចិន ថ្ងៃ​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​42នាក់ ដែល​អ្នក​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ​​នៃ​ខេត្ត Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ​កើន​ដល់​​ 2,912​នាក់​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណានេះ ក៏បាន​កើន​ដល់​ 80,026​នាក់​។

ក្រុម​មន្ត្រី​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​ខ្លះ​ហើយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​ Covid-19។ ប៉ុន្តែ វិធាការ​គ្រប់​គ្រង​អាសន្ន​រោគ នៅ​តែ​ត្រូវ​បាន​អនុវត្ត​ រួម​នឹង​ការ​បិទ​ទ្វារ​សាលា​រៀន​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement