ហាមជួបជុំ, គ្រប់គ្រងការធ្វើដំណើរ, “COVID-19” រាលដាល 67ប្រទេស, ស្លាប់ជាង 3,000 ឆ្លងជិត 90,000

ប្រទេសជាច្រើននៅអឺរ៉ុប មជ្ឈិមបូព៌ា រួចទាំងសហរដ្ឋអាមេរិកផង បាននាំគ្នាប្រកាសផែនការហាមជួបប្រជុំគ្នា រួមទាំងគ្រប់គ្រងការធ្វើដំណើរយ៉ាងតឹងរ៉ឹង បន្ទាប់ពីជួបករណីឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ឆ្លងរាលដាលកាន់តែខ្លាំងឡើងទូទាំងពិភពលោក។

ទាំងអស់នេះ ប្រទេសដែលបានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគវីរុសរួចមកហើយមានចំនួន 67ប្រទេស ខណៈដែលតួលេខអ្នកស្លាប់នាពេលព្រឹកនេះ(ថ្ងៃទី2 មីនា) បានកើនឡើងដល់ 3,044នាក់ និងមានអ្នកឆ្លងដែលបានអះអាងហើយចំនួន 89,071នាក់ និងមានរបាយការណ៍រកឃើញករណីអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេស 2ទៀតគឺ អេក្វាដ័រ និងអាម៉ានី។

ចំនួនអ្នកឆ្លងមេរោគ នៅតែកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសអ៊ីតាលី បានធ្វើឱ្យមានការភ័យព្រួយទូទាំងពិភពលោក ដោយប្រទេសបារាំងបានប្រកាសបិទសារមន្ទីរ លូវ្រ៍ ដែលជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី1 មីនាម្សិលមិញ ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកំណាចនេះ។

ខណៈដែលសហរដ្ឋអាមេរិក បានប្រកាសបង្កើនការពិនិត្យចម្រាញ់លើអ្នកធ្វើដំណើរតាមយន្តហោះមកពីអ៊ីតាលីនិងកូរ៉េខាងត្បូង និងប្រកាសហាមការធ្វើដំណើរចូលសហរដ្ឋអាមេរិកពីបុគ្គលណាក៏ដោយដែលមកពីប្រទេសអ៊ីរ៉ង់ ឬធ្លាប់ធ្វើដំណើរទៅអ៊ីរ៉ង់ក្នុងរយៈពេល 14ថ្ងៃកន្លងមក និងថែមទាំងបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតចំពោះការធ្វើដំណើរឆ្លងកាត់ព្រំដែនភាគខាងត្បូងដែលជាប់នឹងប្រទេសមិកស៊ិកទៀតផង។

ចំណែកឯរដ្ឋាភិបាលរបស់ប្រទេសជាច្រើនទៀត សុទ្ធតែបង្កើនវិធានការក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសនេះ ដូចជាប្រទេសបារាំង បានហាមការជួបប្រជុំគ្នារបស់មនុស្សម្នាច្រើនជាង 5,000នាក់ និងមានការពន្យារពេលកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ដែលមានអ្នកចូលរួមប្រមាណជា 40,000នាក់ កាលពីថ្ងៃទី1មីនា ម្សិលមិញ។ ចំណែកប្រទេសស្វ៊ីស បានហាមការរៀបចំពិធីផ្សេងៗណាក៏ដោយដែលគេគិតថា នឹងមានអ្នកចូលរួមច្រើនជាង 1,000នាក់ឡើងទៅ៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement