Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​476នាក់ ធ្វើ​ឱ្យ​ចំនួន​អ្ន​ក​ជំងឺកើន​ដល់​​ជាង​4,212​នាក់​ ខណៈ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដល់​ទៅ…

យោង​តាម​របាយ​ការណ៍​ព្រឹក​នេះ​ កូរ៉េខាងត្បូង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន​​ 476ករណី នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​នៃ​ប្រទេស​នេះ​កើន​ឡើង​ដល់​ 4212​នាក់​ និង​អ្នក​ស្លាប់់​ដោយ​សារ​អាសន្ន​រោគ​ Covid-19 កើន​ដល់​ 22នាក់។

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​​អ្នក​ជំងឺ​​476នាក់​ដែល​ទើប​តែ​រក​ឃើញបន្ថែម មាន​377​នាក់​នៅ​ក្នុង​ទីក្រុង​ Daegu និង​ 68នាក់ទៀត នៅ​ក្នុង​ខេត្ត Gyeongsang ខាង​ជើង​ ដែល​នៅ​ក្បែរ​ទី​ក្រុង Daegu។ អ្នក​ជំងឺ​ប្រមាណជា​ 60% មាន​ជាប់​ទាក់​ទិន​សាខា​វិហារ​សាសនា Shincheonji នៅ​ក្នុង​ទី​ក្រុង Daegu។

ខេត្ត​ក្រុង​មួយ​ចំនួន​របស់​កូរ៉េខាង​ត្បូង​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ទៀត​ដែរ ក្នុង​នោះ​ ទីក្រុង​ Seoul មាន​ករណី​ឆ្លង​វីរុស​បន្ថែម​ចំនួន​4នាក់។

ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បច្ចុប្បន្ន​កើន​ដល់​ 22នាក់ ដែល​ស្ទើរ​តែ​ទាំង​អស់សុទ្ធ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ ចំណែក​ក្នុង​ថ្ងៃ​នេះ(2មិនា) កូរ៉េខាង​ត្បូង​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​4នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង Daegu ហើយ​ពួកគេ​មាន​អាយុ​ខ្ទង់​80ឆ្នាំ​។

ប្រធានា​ធិបតី​ Moon Jae-in បាន​មាន​ប្រសាសន៍​ថា កូរ៉េខាង​ត្បូងជឿ​ថា នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា Covid-19 ហើយ​ថា ប្រទេស​នេះ​នឹង​ទទួល​ជោគ​ជ័យ​ទៅ​លើ​អាសន្ន​រោគ​នេះ​មិន​ខា​ន។

គិត​មក​ដល់​ព្រឹក​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា Covid-19 មាន​ចំនួន 3,044​នាក់ និង​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​ 89,071​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement