ថៃនាំ​ខ្លួន​ជនជាតិ​វៀត​ណាម​21នាក់​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ ដើម្បី​ពិនិត្យ​រក​មេរោគ​កូរ៉ូណា

កងទ័ព​ជើង​ទឹក​របស់​ថៃ បាន​នាំ​ពល​រដ្ឋ​វៀតណាម​ចំនួន​21នាក់ ទៅ​កាន់​កន្លែង​ដាច់​ដោយ​ឡែក​ និង​ពិនិត្យ​រក​មេរោគ​កូរ៉ូណា COVID-19 បន្ទាប់ពី​បានទទួល​​ដំណឹង​ថា ជនជាតិ​វៀត​ណាម​ទាំង​នេះ ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​។

សមា​ជិក​ក្រុម​នាវិក​ចំនួន​21នាក់​នៅ​លើ​កបា៉ល់​ចំនួន​4របស់​វៀត​ណាម ដែល​កំពុង​នេសាទ​សត្វត្រសក់​សមុទ្រ​ (Holothurian/Sea cucumber) នៅ​លើ​សមុទ្រ​ ក្បែរ​ដែន​ទឹកប្រទេស​ថៃ ត្រូវ​បាន​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​នេះ នាំទៅ​កាន់​ខេត្ត Songkhla ដើម្បី​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ កាល​ពី​យប់​ថ្ងៃទី​15កុម្ភៈ។ ក្រុម​គ្រូពេទ្យ​នៅឯមន្ទីរពេទ្យ​​ទ័ព​ជើង​ទឹក​ Songkhla បាន​ធ្វើ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ក្រុម​អ្នក​នេសាទ​ទាំង​នេះ ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​ ក្នុង​អំឡុង​ពេល​ដែល​មាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​វីរុស​រលាក​សួត​កូរ៉ូណា​ COVID-19។

លទ្ធ​ផល​​នៃ​ការ​ពិនិត្យ​សុខ​ភាព​បាន​បង្ហាញ​ថា សមាជិក​នាវិក​16នាក់ មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​នោះ​ទេ​។ ស្ថាន​ភាព​សុខ​ភាព​របស់​សមាជិកក្រុម​​នាវិក​5នាក់​ផ្សេង​ទៀត​ កំពុង​រង់​ចាំ​លទ្ធ​ផល​។

អាសន្ន​រោគកូរ៉ូណា​​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចេញ​ពី​ទី​ក្រុង​ Wuhan​ ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 បច្ចុប្បន្ន​ បាន​លេច​មុខ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំង​ពិភពលោក បណ្ដល​ឱ្យ​មាន​អ្នក​ស្លាប់​ 1,775​នាក់​ និង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ចំនួន​71,331​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement