រន្ធត់ចិត្ត!! បុគ្គលិកជប៉ុនម្នាក់ “ធ្វើអត្តឃាត” នៅក្នុងមណ្ឌល​បង្ខាំង​ជំងឺ បន្ទាប់​ពីជួយ​ប្រជា​ជន​ភៀសខ្លួន​ចេញ​ពី វូហាន…

បុគ្គលិកជនជាតិជប៉ុនម្នាក់ដែលមានតួនាទីមើលថែទាំជនជាតិជប៉ុនដែលភៀសខ្លួនចេញពី​ការ​ឆ្លង​រាល​ដាលរបស់​មេរោគ​វីរុសកូរ៉ូណាពីទីក្រុងវូហាន បានលោតពីលើអគារធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនៅក្នុង​មជ្ឈ​មណ្ឌល​​បង្ខាំង​ជំងឺ នៅក្នុងខេត្តសៃតាម៉ាក់ ប្រទេសជប៉ុន។

កាលពីថ្ងៃសៅរ៍ ទី1 ខែកុម្ភៈ បុគ្គលិកវ័យ 37ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញថា បានស្លាប់បាត់បង់ជីវិត ដោយ​សារ​ការលោតចុះមកពីលើបន្ទប់ស្នាក់នៅក្នុងបរិវេណស្ថាប័នសុខាភិបាលជាតិសាធារណៈ ក្នុងខេត្តសៃតាម៉ាក់ ជិតទីក្រុងតូក្យូ ជាទីកន្លែងមួយដែលក្រុមជនជាតិជប៉ុនដែលត្រឡប់មកពីទីក្រុង​វូហាន ប្រទេស​ចិន​ត្រូវ​បានរដ្ឋបាលជប៉ុនប្រមូលដាក់ឱ្យនៅមួយកន្លែងដើម្បីរង់ចាំតាមដានអាការជំងឺរលាកសួតប្រភេទថ្មី រយៈពេល 14​ថ្ងៃ។

បុគ្គលិកដែលបានអត្តឃាតម្នាក់នេះ ត្រូវបានបញ្ជូនមកពីទីស្នាក់ការប៉ូលិសក្រុងតូក្យូឱ្យទៅបំពេញការងារនៅ​ឯទីស្ដីការនាយករដ្ឋមន្ត្រី ដើម្បីមើលការខុសត្រូវលើការជម្លៀសជនជាតិជប៉ុនត្រឡប់មកពីទីក្រុងវូហានដែលជា​មជ្ឈមណ្ឌលធំនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយរូបគេបានចូលទៅស្នាក់នៅក្នុងមណ្ឌលបង្ខាំងការពារជំងឺមួយនេះកាលពីថ្ងៃទី31 មករា ដើម្បីមើលថែទាំជនជាតិជប៉ុនដែលបានជម្លៀសមក​ដល់។

ប៉ូលិសសន្និដ្ឋានថា បុគ្គលិកម្នាក់នេះបានធ្វើអត្តឃាត តែដោយសារមិនឃើញមានការសរសេរសំបុត្រផ្ដាំផ្ញើ ឬភ័ស្តុតាងអ្វីផ្សេង ទើបប៉ូលិសត្រូវធ្វើការស៊ើបសួរស្វែងរកមូលហេតុនៃការបញ្ចប់ជីវិតខ្លួនឯងក្នុងគ្រានេះជាបន្ត។

ករណីនេះ បានក្លាយជារឿងជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងសង្គមជនជាតិជប៉ុននាពេលនេះ ថាតើជាការធ្វើអត្តឃាតមែនឬយ៉ាងណា? តើមានពាក់ព័ន្ធនឹងភារកិច្ចជម្លៀសជនជាតិជប៉ុនគេចពីមេរោគវីរុសកូរ៉ូណាដែរឬទេ? ឬក៏ដោយសារតែមូលហេតុផ្ទាល់ខ្លួនរបស់គេ?

បើមានព័ត៌មានថ្មីបន្ថែមអំពីករណីនេះ គេហទំព័រឡារ៉ែននឹងនាំយកមកជម្រាបជូននៅពេលក្រោយជាបន្តទៀត…៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement