“ម៉ាសពេលនេះសំខាន់ និងមានតម្លៃជាងមាសទៅទៀត!” នេះជាសម្ដីអ្នកស្រុកសៀងហៃប្រទេសចិន

ព្រឹកព្រលឹមម៉ោងប្រហែល6 Yu Husheng ដែលជាវិស្វករចូលនិវត្តន៍មួយរូប បានទៅកាន់ឱសថស្ថានមួយកន្លែងក្នុងខណ្ឌ Xuhui (ក្នុងក្រុងសៀងហៃ ប្រទេសចិន) ដើម្បីទិញម៉ាសទុកប្រើប្រាស់ក្នុងគ្រួសារ។ ពេលទៅដល់ គាត់ឃើញមានមនុស្សម្នាប្រហែលជាង 100នាក់ បានមកតម្រង់ជួរមុនគាត់ទៅទៀត។

លោកអ៊ំវ័យចំណាស់ម្នាក់ បានឱ្យដឹងថា គាត់សុខចិត្តចំណាយពេល និងកម្លាំងកាយដើម្បីស្វែងរក បើទោះត្រូវសម្រាន្តតិចជាងមុនក៏ដោយ។ លោកអ៊ំថ្លែងថា ៖ “ខ្ញុំគិតថា ម៉ាសពេលនេះវាសំខាន់ និង​មាន​តម្លៃ​ជាងមាសទៅទៀត”។

គិតមកដល់ថ្ងៃទី1កុម្ភៈនេះ អាសន្នរោគ Corona បានឆ្លងរាលដាលស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ចិន បណ្ដាលឱ្យមនុស្សជាង 12,000នាក់បានឆ្លងមេរោគនេះ និង 259នាក់ផ្សេងទៀតបានបាត់បង់ជីវិត។ ដោយ​សារ​តែ​ភ័យ​ខ្លាច ពលរដ្ឋចិនដីគោក បានសម្រុកទៅទិញម៉ាសទុកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង។

លោក Yu Husheng បានឱ្យដឹងថា លោកត្រូវការម៉ាសយ៉ាងតិច 30 សម្រាប់គ្រួសាររបស់គាត់ដែលមានសមាជិក 6នាក់។ ប៉ុន្តែ អាជ្ញាធរក្រុងសៀងហៃបានចេញបទបញ្ជា ហាមមិនឱ្យទិញលើសពី10ម៉ាស សម្រាប់មនុស្សម្នាក់ក្នុង1ថ្ងៃ។

ម៉ាស ត្រូវបានកំណត់ឱ្យលក់ក្នុងតម្លៃត្រឹមតែ 0,46 យន់ (ប្រហែល 270 រៀល) ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងផ្សារងងឹត ឬតូបទំនិញតាមចិញ្ចើមផ្លូវ អ្នកទិញត្រូវចំណាយប្រាក់ដល់ទៅ 5 យន់ (2,900រៀល) សម្រាប់ម៉ាសមួយ។

បុរសម្នាក់ឈ្មោះ Li Yan អាយុ42ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ បាននិយាយថា ៖ “នៅលើ WeChat (បណ្ដាញសង្គមចិន) ពួកគេ (អតិថិជន) សុខចិត្តចំណាយប្រាក់គុណជា 10ដងនៃតម្លៃធម្មតា ដើម្បីទិញម៉ាសចំនួន1។ ប៉ុន្តែ មិត្តភ័ក្តិខ្ញុំគ្មានអ្នកណានៅសល់ម៉ាសដើម្បីលក់នោះដែរ។ រដ្ឋាភិបាល គួរតែស្វែងរកវិធីដើម្បីចែកចាយម៉ាសដល់អ្នករាល់គ្នា”។

បណ្ដាក្រុមហ៊ុន រោងចក្រផលិតសម្ភារវេជ្ជសាស្ត្របានឱ្យដឹងថា ពួកគេបានបង្កើនសង្វាក់ផលិតកម្ម ដើម្បីរត់ប្រណាំងជាមួយនិងតម្រូវការរបស់ប្រជាជន។ ចំណែកអាជ្ញាធរមូលដ្ឋានក៏បាន និងកំពុងជួយផ្គត់ផ្គង់កម្លាំង និងវត្ថុធាតុដើមដល់ការផលិតម៉ាសក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន។

លោក Li Jia សមាជិកនៃគណកម្មការព័ត៌មានវិទ្យានៃក្រុងសៀងហៃបានប្រាប់ថា បរិមាណទិន្នផលប្រចាំថ្ងៃបានកើនដល់ 1.5លានម៉ាស គឺច្រើនជាង 3ដង បើធៀបនឹងចំនួន 400,000ម៉ាសកាលពីមុនថ្ងៃទី 25មករា ឆ្នាំ2020។ រដ្ឋាភិបាលក៏បានសន្យាជួយដល់បណ្ដាក្រុមហ៊ុន និងរោងចក្រ ក្នុងការធានាដល់សង្វាក់ផលិតកម្មរបស់ពួកគេ ដើម្បីអាចបង្កើនបរិមាណផលិតផល។

លោក Wu Shengrong ប្រធានរោងចក្រផលិតម៉ាស Dangsheng Shanghai ឱ្យដឹងថា កម្មករត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីផលិតឱ្យបានគ្រប់តាមតម្រូវការរបស់ប្រជាជន។ លោក Wu បានបន្ថែមថា ៖ “យើងខ្ញុំមិនដំឡើងថ្លៃដើម្បីបានចំណេញច្រើនពីវិបត្តិសុខភាពនេះឡើយ”។

ក្រុមហ៊ុនរបស់លោក Wu បច្ចុប្បន្នផលិតម៉ាសចំនួន 80,000 ក្នុងមួយថ្ងៃៗ។ តាមគម្រោង ក្នុងរយៈពេល 10 ទៅ 15ថ្ងៃទៀត រោងចក្រ Dangsheng អាចផ្គត់ផ្គង់ 200,000ម៉ាសទៅឱ្យទីផ្សារ បើសិនប្រឹងអស់ពីលទ្ធភាព។

កន្លងមក ក្រុងហុងកុងក៏ធ្លាប់ទទួលរងផលវិបាកស្រដៀងគ្នានេះដែរ។ មនុស្សជាច្រើនបានក្រោកពីព្រលឹម ទៅតម្រង់ជួរគ្នា និងត្រូវរង់ចាំ5ម៉ោងមុនគេបើកហាង ដើម្បីទិញម៉ាស។ អ្នកខ្លះមានការខឹងសម្បាជាខ្លាំង នៅពេលត្រូវត្រឡប់ទៅផ្ទះដោយដៃទទេ។ ហួសហេតុជាងនេះទៀត មានអ្នកខ្លះនាំគ្នាមកបោះតង់នៅមុខហ្វាម៉ាស៊ី 230កន្លែង ដេកមួយយប់ រង់ចាំទិញម៉ាស។

សូមរំឭកថា ប្រទេសចិនកំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគរលាកសួតនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374នាក់ផ្សេងទៀតបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី1កុម្ភៈនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement