WHO ប្រកាសអាសន្ន ខណៈអ្នកស្លាប់កើនដល់ 213នាក់ ឯប្រទេសនានា បន្តបិទច្រកព្រំដែន និងជើងហោះហើរទៅ-មកប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) កាលពីប៉ុន្មានម៉ោងមុននេះ (30មករា នៅតំបន់លោកខាងលិច) បានប្រកាសភាពអាសន្នជាផ្លូវការ ចំពោះមេរោគ corona ថ្មីនេះ ខណៈ​ប្រទេសដែលមានអ្នកឆ្លងមេរោគ nCoV (corona) បានកើនដល់ជាង 20ប្រទេស នៅទូទាំងពិភពលោក ជា​ហេតុ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្បែរ​ចិន បន្ត​បិទ​ច្រក​ព្រមដែន​។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី30 មករា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishunstin បានចុះហត្ថលេខាលើបទបញ្ជាបិទច្រកព្រំដែនជាមួយចិន នៅចុងបូព៌ាប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាកសួតថ្មីពីប្រទេសចិន។ ក្រៅពីនេះ TASS ក៏បានឱ្យដឹងទៀតដែរថា រុស្ស៊ីចាប់ផ្ដើមកាត់បន្ថយការធ្វើដំណើរតាមរថភ្លើង រវាងចិន និងរុស្ស៊ី ចាប់ពីថ្ងៃទី31 មករានេះតទៅ។

ខ្សែ​​ក្រហម​គឺ​ជា​បន្ទាត់​ព្រមដែន​ចិន និង​រុស្ស៊ី

កន្លងទៅថ្មីៗ ប្រទេសមួយចំនួន ក្នុងនោះមាន ម៉ុងហ្គោលី នេប៉ាល កូរ៉េខាងជើង ក៏បានបិទច្រកព្រំដែនជាមួយប្រទេសចិនដែរ មុនពេលអាសន្នរោគនេះរីករាលដាលខ្លាំង។

ប្រទេសហ្វីលីពីន ទីក្រុងម៉ាកាវ និងប្រទេសកាហ្សាក់ស្ថាន បានផ្អាកផ្ដល់ទិដ្ឋាការដល់ពលរដ្ឋចិន ខណៈដែលក្រុង ហុងកុងក៏បានផ្អាកដំណើរការកប៉ាល់ និងស្រឡាងដែលធ្វើដំណើរទៅ-មករវាងចិនដីគោក និងហុងកុង ព្រមទាំងបានបិទច្រកព្រំដែនមួយចំនួនទៀតផងដែរ។

ជើងហោះហើរអន្តរជាតិជាច្រើនបានប្រកាសផ្អាកដំណើរការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Air Canada, Air India, American Airlines, British Airways, Cathay Pacific, Delta, United Airlines, Lufthansa និង Lion Air ជាដើម។

អង្គការសុខភាពពិភពលោក (WHO) កាលពីប៉ុន្មានម៉ោងមុននេះ (30មករា នៅតំបន់លោកខាងលិច) បានប្រកាសភាពអាសន្នជាផ្លូវការ ចំពោះមេរោគ corona ថ្មីនេះ។ ប្រការនេះទាមទារឱ្យបណ្ដាប្រទេសក្នុងពិភពលោក ត្រូវបង្កើនវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះជាលក្ខណៈអន្តរជាតិ។

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​

យោងតាមគណៈកម្មាធិការជាតិសុខាភិបាលចិន គិតមកដល់ព្រឹកថ្ងៃនេះ (31មករា) ចំនួនអ្នកស្លាប់ដោយសារមេរោគ corona បានកើនដល់ 213នាក់ហើយនៅក្នុងប្រទេសចិន បន្ទាប់ពីខេត្ត Hebei បានប្រកាសថា ខេត្តនេះមានអ្នកស្លាប់បន្ថែម 42នាក់ ឯចំនួនអ្នកដែលបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក គឺមាន 9,480 នាក់ ក្នុងនោះចិនដីគោកមានចំនួន 9,356នាក់។

បច្ចុប្បន្ន តាមប្រភពព័ត៌មានមួយចំនួនទៀត បានឱ្យដឹងថា ចំនួនប្រទេសដែលមានអ្នកឆ្លងមេរោគ nCoV (corona) បានកើនដល់ជាង 20ប្រទេសហើយនៅទូទាំងពិភពលោក៕

ប្រភព៖ សារព័ត៌មាន

Advertisement