វិធី​កែខៃ​បញ្ហា​សក់​ប្រកបដោយ​ប្រសិទ្ធភាព

មាន​បញ្ហាផ្សេងៗគ្នា​ជាច្រើន ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​សក់​របស់​អ្នក ដែល​ក្នុងនោះ​មានដូចជា បញ្ហា​សក់​ជ្រុះ សក់​ដាច់ សក់​ស្ងួត សក់​បែក​ចុង សក់​មិនមាន​ភាពរឹងមាំ សក់​មិន​ស្រស់ស្អាត​ជាដើម ហើយ​បញ្ហា​អស់ទាំងនោះ​បណ្តាលមកពី​ហេតុផល​មួយចំនួន​ដូចជា តំណពូជ ភាព​តានតឹង ការថែរក្សា​សក់​ដែល​មិន​ត្រឹមត្រូវ ពេលវេលា អាកាសធាតុ កម្តៅថ្ងៃ ការប្រើប្រាស់​ផលិតផល​ខុស មាន​ជំងឺ ការប្រើ​ឱសថ​ខ្លាំង កង្វះ​សារធាតុចិញ្ចឹម ឬ​កត្តា​អ័រម៉ូន​ជាដើម។ បង្កើត​ទម្លាប់​មួយចំនួន​សម្រាប់​ខ្លួន​អ្នក ប្រសិនបើ​ចង់​កែខៃ​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតឡើង​ចំពោះ​សក់​របស់​អ្នក សូម​អាន​បន្ត​ជាមួយនឹង​ទម្លាប់​ទាំងនោះ​ដូចខាងក្រោម។

– អាហារ​ល្អ សក់​ស្អាត: អាហារកំពូលៗសម្រាប់​ការជួយ​ឱ្យ​សក់​រឹងមាំ​មានដូចជា ត្រី​សាល​ម៉ុ​ន បន្លែ​បៃតងចាស់ សណ្តែក ធញ្ញជាតិ សាច់​បក្សី ស៊ុត គ្រាប់​ផ្លែឈើ អយ​ស្ទ័​រ ការ៉ុត និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប។

– កម្ចាត់​ភាព​តានតឹង: ភាព​តានតឹង​មាន​ផលប៉ះពាល់​ច្រើនជាង​អ្វីដែល​អ្នក​បានគិត។ ការធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង​លំ​ហាត់ប្រាណ អាចនិយាយបាន​ថា​ជា​ទង្វើ​ដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​បែបនេះ។

– ម៉ាស្សា​ក្បាល​ឱ្យបាន​ញឹកញាប់: ព្រោះ​វា​អាចជួយ​ធ្វើឱ្យ​ឈាម​រត់​បាន​ស្រួល សក់​ដុះ​លូតលាស់​បាន​លឿន​ជាង​មុន។

– លាង​សក់​ជាមួយ​ទឹកខ្មេះ: មុនពេល​កក់សក់ អ្នក​អាច​លាង​សក់​របស់​អ្នក​ជាមួយ​ទឹកខ្មេះ នឹង​ជួយ​ធ្វើឱ្យ​ស្បែកក្បាល​ស្អាត សក់​ភ្លឺរលោង កម្ចាត់​អង្គែ​បាន​យ៉ាង​មា​ន​ប្រសិទ្ធភាព។

– កំណត់​បរិមាណ​សាប៊ូ: សូម​ពិនិត្យមើល​លើ​បរិមាណ​សក់​របស់​អ្នក ហើយ​ប្រើ​សាប៊ូ​ឱ្យ​សមល្មម​ជាមួយនឹង​សក់​របស់​អ្នក​បាន​ហើយ កុំ​ប្រើ​សាប៊ូ​ច្រើន​ជ្រុល​ពេក ឬ​តិចពេក។

– កុំ​ជូត​ត្រដុស​សក់​ខ្លាំង: បើ​អ្នក​ជូត​សក់​ដោយ​កន្សែងពោះគោ កុំ​ត្រដុស​វា​ខ្លាំងពេក ព្រោះ​វា​បណ្តាលឱ្យ​សក់​បែក​ចុង។ ព្យាយាម​ប្រើ​កន្សែង​ដែលមាន​សរសៃតូចៗដែល​អាច​ជ្រាប​ទឹកបាន​ច្រើន​វិញ​ប្រសើរ​ជាង។

– ជ្រើសរើស​ក្រែ​ម​អប់​សក់: ក្រែ​ម​អប់​សក់​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​អាច​រក្សា​ភាព​ទន់​នៃ​សក់ ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​មាន​សំណើម។

– ជ្រើសរើស​ក្រាស​សិតសក់: បន្ទាប់ពី​ងូតទឹក​រួច សិតសក់​របស់​អ្នក​ដោយ​ក្រាស​ធ្មេញ​រង្វើល ឬ​ប្រើ​ម្រាមដៃ គួរជៀសវាង​យកក្រាស​ធ្មេញ​ញឹក​មក​ប្រើ​នៅពេលដែល​សក់​របស់​អ្នក​សើម។

– កុំ​គេង​ទាំង​សក់​សើម: ស​ម្ងួ​ត​សក់​របស់​អ្នក​ឱ្យ​ស្ងួត​ជាមុនសិន ជាពិសេស​គឺ​ផ្នែក​ខាង​គល់​សក់ មុននឹង​អ្នក​ចូលទៅ​គេង។ បើ​អ្នក​ប្រើ​ម៉ាស៊ីន​ផ្លុំ​ស​ម្ងួ​ត​សក់ អ្នក​ត្រូវ​ប្រើ​កម្តៅ​ទាប​បំផុត។

– តម្រឹម​សក់: អ្នក​គួរ​កាត់​តម្រឹម​សក់​របស់​អ្នកជា​រៀងរាល់ខែ ដើម្បី​កាត់បន្ថយ​បញ្ហា​សក់​បែក​ចុង៕

Advertisement