ទម្លាប់​ល្អ​ទាំង5 ដែល​គួរ​អនុវត្ត​នៅក្នុង​រដូវក្ដៅ

នៅក្នុង​អំឡុង​ពេលដែល​អាកាសធាតុ​ក្ដៅ អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធុញទ្រាន់​ជាមួយនឹង​សភាព និងបរិយាកាស​ដ៏​សែន​ក្ដៅ​តែម្ដង។ ការធ្វើដំណើរ​ក្រោម​កម្ដៅថ្ងៃ ក៏​ជា​រឿង​មួយ​ដែល​ធ្វើឱ្យ​អ្នកខ្លាច និង​មាន​អារម្មណ៍​ថា​រំខាន​ដល់ពេល​វេលា​របស់​អ្នក ហើយក៏​ធ្វើឱ្យ​អ្នក​កើតមាន​អាការឈឺក្បាល​ផងដែរ។ អ្នក​ខ្លះទៀត មាន​អាការ​ឈឺក្បាល ធ្ងន់​ក្បាល នៅពេលដែល​ថ្ងៃ​ក្ដៅ​ខ្លាំងដោយ​មិនបាន​ធ្វើការ​អង្កេត​ពី​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ឡើយ។ តើ​មាន​ប៉ុន្មាន​អ្នក​ដែល​បានដឹងថា នៅក្នុង​រដូវក្ដៅ អ្នក​គប្បី​គួរតែមាន​ទម្លាប់​ល្អ​បែបណាខ្លះ ដើម្បី​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យបាន​ល្អប្រសើរ​នោះ? ចម្លើយ​គឺមានងាយៗបំផុត ដែល​អ្នក​អាចធ្វើ​ការឆ្លើយតប​ទៅនឹង​សុខភាព​របស់​អ្នក។ តោះ!! មក​យល់ដឹង​ទាំង​គ្នា​អំពី​ទម្លាប់​ល្អ ដែល​អ្នក​ត្រូវធ្វើ ដើម្បី​សុខភាព​ល្អ​នៅក្នុង​រដូវក្តៅ​នេះ៖

1. ទម្លាប់​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន

អាកាសធាតុ​ក្ដៅ​អាចធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ហើយ​ជាពិសេស​គឺ​ធ្វើឱ្យ​អ្នក​ឆាប់​បែកញើស និង​បែកញើស​ច្រើន ដូច្នេះ​រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​ទឹក​មក​បំពេញ​ឡើងវិញ។ បើទោះបីជា​អ្នក​មិន​និយម​ទទួលទាន​ទឹក​ញឹកញាប់​ក្ដី យ៉ាងតិច​នៅក្នុង​មួយថ្ងៃ អ្នក​ក៏ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន8កែវ​ដែរ។ អ្វីដែល​សំខាន់ ដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ គឺ​អ្នក​ត្រូវ​ទទួលទាន​ទឹកស្អាត មិន​គប្បី​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល ឬ​ជាតិ​ស្ករ​ច្រើនពេក​នោះទេ ក៏ប៉ុន្ដែ​សម្រាប់​ទឹក​ផ្លែឈើ​ស្រស់​វិញ ក៏​មិន​ត្រូវបាន​ហាមឃាត់​ដែរ តែ​អ្នក​ត្រូវ​ធ្វើការ​កំណត់ថា បរិមាណ​ប៉ុន្មាន​ទើប​សមល្មម​ចំពោះ​សុខភាព​របស់​អ្នក។

2. ប្រើ​វ៉ែន​តាខ្មៅ​រាល់ពេល​ស្ថិតក្រោម​កម្ដៅថ្ងៃ

អំឡុង​រដូវក្ដៅ​បែបនេះ ត្រូវមាន​ភារកិច្ច​ធ្វើដំណើរ​ទៅ​ក្រៅ ឬ​ធ្វើដំណើរ​ឆ្ងាយ​ក្រោម​ពន្លឺ​ថ្ងៃនោះ យើង​សូម​ណែ​នាំឱ្យ​អ្នកប្រើប្រាស់​វ៉ែន​តាខ្មៅ​សម្រាប់​ការពារ​ភ្នែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ ពោលគឺ​កាំរស្មី UV។ វ៉ែនតា​ពណ៌​ខ្មៅ ត្រូវបាន​គេ​ផលិតឡើង​ដោយ​កញ្ចក់​ដែល​អាច​ការពារ​កាំរស្មី UV និង UVA ដែល​អាចជួយ​ការពារ​លម្អងធូលី និង​ពន្លឺ ព្រមទាំង​ជួយ​ការពារ​ស្បែក​ភ្នែក​មិនឱ្យ​ប៉ះទង្គិច​នឹង​កាំរស្មី​ព្រះ​អាទិ​ត្យ និង​កម្ដៅថ្ងៃ ដែលនាំឱ្យ​ជាំខ្មៅ​នៅ​រង្វង់ភ្នែក។

3. គេង​ឱ្យបាន​គ្រប់គ្រាន់

ការ​គេង​ថ្ងៃ​អាច​ផ្ដល់​កម្លាំង​សម្រាប់​ប្រព័ន្ធ​រា​ងកាយ​របស់​អ្នក ដែល​អ្នក​មិនអាច​រស់នៅ​ដោយ​គ្មាន​វា​បាន​នោះទេ។ វា​ប្រៀបដូចជា​អាហារ និង​ទឹក​ដែរ ដែល​អ្នក​មិនអាច​ខ្វះ​វា​បានឡើយ ហើយក៏​មិនអាច​សង​ជំនួស​វិញ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​បានដែរ។ រា​ងកាយ​របស់​អ្នក​ទាមទារ​ការ​គេង​បាន​គ្រប់គ្រាន់​រៀងរាល់ថ្ងៃ ហើយ​រាងកាយ​នឹង​ដំណើរការ​បានល្អ​បំផុត​នៅពេលដែល​អ្នក​គេង​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ។ តែបើ​អាកាសធាតុ​ក្ដៅ រាងកាយ​ឆាប់​នឿយហត់​ខ្លាំង ចាំបាច់​ត្រូវតែ​ព្យាយាម​គេង​ថ្ងៃ ឬ​គេង​នៅ​ពេលយប់​ឱ្យបាន​គ្រប់គ្រាន់​បំផុត ទើប​ល្អ​ចំពោះ​សុខភាព​របស់អ្នក។

4. យកចិត្តទុកដាក់​ក្នុងការ​ទទួលទាន​អាហារ

គួរជ្រើសរើស​អាហារ​ដែល​ចម្អិន​ថ្មី និងភ្លាមៗ ហើយមានអនាម័យ ព្រោះថា វា​ជួយ​ការពារ​ការកើត​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ។ សម្រាប់​អាហារ​ដែល​អ្នក​គួរតែ​ទទួលទាន​នា​អំឡុងពេល​រដូវក្ដៅ​​មានដូចជា ​អាហារ​ដែល​កម្ចាត់​ភាព​ក្ដៅ​ពី​ក្នុង​រាងកាយ​បាន ដូចជា ឪឡឹក ត្រសក់ស្រូវ មង្ឃុត ម្នាស់ និងដូងជាដើម។ ចំពោះបន្លែ​ដែល​គប្បី​ទទួលទាន រួមមាន ផ្ទី ស្ពៃខៀវ និងម្រះ ព្រោះ​វា​អាច​កម្ចាត់​ភាព​ក្ដៅ​ក្នុង​រាងកាយ និងផ្ដល់​មកវិញ​នូវ​សារធាតុចិញ្ចឹម​ផងដែរ។

5. យកចិត្តទុកដាក់​ចំពោះ​គ្រីម​លាប​ការពារ​កម្ដៅថ្ងៃ

អ្នកជំនាញ​មួយចំនួន​បាន​ណែនាំ​ថា អ្នកគួរ​លាប​គ្រីមការពារ​កម្ដៅ​ថ្ងៃជា​រៀងរាល់ថ្ងៃ ​ប៉ុន្តែ​អ្នកជំនាញ​មួយចំនួនទៀត​បាន​ផ្តល់​យោបល់​ថា ​គួរ​លាបគ្រីម​ការពារ​កម្ដៅថ្ងៃ​នៅពេលណា​ដែលមាន​ថ្ងៃ​ក្តៅ​បាន​ហើយ​ ព្រោះ​ស្បែ​ក
មាន​ប្រព័ន្ធ​ការពារ​ពី​ធម្មជាតិ​រួចទៅហើយ ​ការ​លាប​គ្រីមការពារ​កម្ដៅថ្ងៃ​ច្រើនពេក​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​ពី​ធម្មជាតិ​ចុះ​អន់​ខ្សោយ ​និង​ដំណើរ​ការមិន​បានល្អ។ ដូច្នេះ​​នៅពេល​ដែលមាន​ថ្ងៃ​ក្តៅ​ខ្លាំង អ្នកគួរ​លាប​គ្រីមការពារ​កម្តៅថ្ងៃ ​ប៉ុន្តែ​នៅ​ថ្ងៃ​ណា​ដែល​មេឃ​ស្រទំ​ពុំមាន​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង​នោះ​អ្នក​​គួរ​ប្តូ​រមកលាប​គ្រីម​ដែល​ផ្សំ​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​វិញ​ទើប​ជាការ​ប្រសើរ​ ព្រោះ​ការស្រាវជ្រាវ​បានឱ្យ​ដឹងថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​អាច​កាត់បន្ថយ​ភាព​ខូចខាត​នៃ​ស្បែក​ដែល​បណ្តាលមកពី​កម្តៅ​ព្រះអាទិត្យ​បានផងដែរ៕

 

Advertisement