ការ​សិក្សា​ស្រាវជ្រាវបង្ហាញ​ថា «2/3 នៃ​ប្រជាជន​របស់ អូស្ត្រាលី បាន​ឆ្លង​ជំងឺ​កូ​វីដ-19»

ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីរុស​កូវីដ-19 នៅ​ អូស្ត្រាលី

ក្រោយ​ការស្រាវជ្រាវ និង​ការវាយតម្លៃ​ច្រើនលើក​អំពី​សមត្ថភាព​បង្ការ​ជំងឺឆ្លង​របស់​កុមារ និង​មនុស្សពេញវ័យ​នៅ អូស្ត្រាលី ក្រុម​អ្នកស្រាវជ្រាវ​យល់ថា ប្រជាជន​ប្រមាណ 2/3 របស់ អូស្ត្រាលី បាន​ឆ្លង​ជំងឺ​កូ​វីដ-19 ក្នុងនោះ​មាន​កុមារ​ផងដែរ។

នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ 2 លើក អំពី​សមត្ថភាព​បង្ការ​ការឆ្លង​ជំងឺ​របស់​កុមារ និង​មនុស្សពេញវ័យ​នៅ អូស្ត្រាលី។

ការស្រាវជ្រាវ​បង្ហាញថា កុមារ​ប្រហែល 79% ដែល​មិនទាន់​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ និង​មាន​អាយុ​ចាប់ពី 1 ដល់ 4 ឆ្នាំ បាន​ឆ្លង​វីរុស​កូ​វីដ-19 ខណៈ​កុមារ 67% ដែលមាន​អាយុ​ពី 5 ដល់ 11 ឆ្នាំ និង​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង សុទ្ធតែ​ធ្លាប់បាន​ឆ្លង​ជំងឺ​នេះ។ ក្នុងចំណោម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី 12 ដល់ 19 ឆ្នាំ អត្រា​នៃ​ការ​ធ្លាប់​ឆ្លង​កូ​វីដ​គឺ​ប្រហែល 70%។

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង Archana Koirala មកពី មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តាមដាន​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង (NCIRS) បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា យ៉ាងហោចណាស់​ក៏មាន​កុមារ​ប្រមាណ 2/3 នៅ អូស្ត្រាលី ធ្លាប់បាន​ឆ្លង​កូ​វីដ-19។

លោក Archana Koirala សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​នេះ​បន្ត​ផ្ដល់ព័ត៌មាន​សំខាន់​ក្នុងការ​បង្កើន​ការយល់ដឹង​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល​របស់​វីរុស SARS-CoV-2 (វីរុស​បង្ក​ជំងឺ​កូ​វីដ-19) ឥទ្ធិពល​នៃ​ការចាក់​វ៉ាក់សាំង និង​ការឆ្លង ធៀប​នឹង​កម្រិត​នៃ​ភាពស៊ាំ​ក្នុង​សហគមន៍៕

Advertisement