ឥណ្ឌូណេស៊ី រកឃើញ​ថ្នាំ​​មាន​សារធាតុ​បង្ក​​របួស​តម្រង​នោមស្រួច​ស្រាវ​​​ ដែល​បណ្ដាល​ឱ្យ​កុមារ​រាប់​សិប​នាក់​បាត់បង់ជីវិត​

ឥណ្ឌូណេស៊ី បាន​ផ្អាក​បណ្ដោះ​អាសន្ន​ការ​លក់​រាល់​ឱសថ​ប្រភេទ​ស៊ីរ៉ូ និង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថ្នាំ​ស៊ីរ៉ូ​ paracetamol ដែល​ប្រើ​ប្រាស់​ក្នុង​ប្រទេស​។

កាល​ពី​ថ្ងៃទី ២០ តុលា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី លោក Budi Guandi Sadikin ឱ្យ​ដឹង​ថា ថ្នាំប្រភេទ​​ស៊ីរ៉ូ​​មួយ​ចំនួន​នៅ ឥណ្ឌូណេស៊ី មាន​ផ្ទុក​សមាសធាតុ​ដែល​ទាក់​ទង​នឹង​ជំងឺ​តម្រង​នោម​ស្រួច​ស្រាវ​ ធ្វើ​ឱ្យ​កុមារ​ជា​ច្រើន​សិប​នាក់​បាត់បង់ជីវិត​។ ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី បើក​ការ​ស្រាវជ្រាវ​អំពី​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ជំងឺ​ដែល​ទាក់​ទិន​នឹង​របួស​តម្រង​នោម​ភ្លាមៗ​បណ្ដាល​ឱ្យ​កុមារ​ ៩៩ នាក់​ស្លាប់​នៅ​ក្នុង​ឆ្នាំ​នេះ​។

ឥណ្ឌូណេស៊ី បាន​ផ្អាក​បណ្ដោះ​អាសន្ន​ការ​លក់​រាល់​ឱសថ​ប្រភេទ​ស៊ីរ៉ូ និង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថ្នាំ​ស៊ីរ៉ូ​ paracetamol ដែល​ប្រើ​ប្រាស់​ក្នុង​ប្រទេស​​សម្រាប់​​ព្យាបាល​អាការ​ក្ដៅ​ខ្លួន​នៅ​លើ​កុមារ​ ដែល​មាន​ផ្ទុក​សារធាតុ diethylene glycol និង ethylene glycol។

ចំណែក​ រដ្ឋាភិបាល​នៃ​ ប្រទេស​ហ្កំប៊ី វិញ ក៏​កំពុង​តែ​ស្រាវជ្រាវ​លើ​ករណី​ស្លាប់​ដោយ​សារ​របួស​តម្រង​នោម​ស្រួច​ស្រាវ​នៅ​លើ​កុមារ​ ដែលបាន​ប្រើប្រាស់​ថ្នាំ​ស៊ីរ៉ូ​ paracetamol ក្រៅ​ពី​​​មាន​ករណី​ស្លាប់​ ៧០ នាក់​នៅ​ប្រទេស​នេះ​។ ថ្នាំ​ស៊ីរ៉ូ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Maiden Pharmaceuticals Ltd ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ ញូវដែលី ប្រទេស​ឥណ្ឌា​។

ការិយាល័យ​ក្រុម​ហ៊ុន Maiden Pharmaceuticals Ltd នៅ ញូវដែលី ប្រទេស​ឥណ្ដា កាល​ពី​ថ្ងៃទី ០៦ តុលា ២០២២

អាជ្ញាធរ​ឥណ្ឌា បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​ប្រទេស​នេះ​កំពុង​ស្រាវជ្រាវ​លើ​ផលិត​ផល​ឱសថ​របស់​ក្រុមហ៊ុន Maiden Pharmaceuticals ដើម្បី​ស្វែង​រក​ការ​ពិត​។

យោងតាម​ រដ្ឋមន្ត្រី​ Sadikin សារធាតុ ethylene glycol និង diethylene glycol ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ផលិត​ផល​ដែល​រកឃើញ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជំងឺ​មួយ​ចំនួន​។ លោក Sadikin ថ្លែង​ថា «ប្រភេទ​ស៊ីរ៉ូ​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​អាយុក្រោម​ ៥ ឆ្នាំ ដែល​​មាន​របួស​តម្រង​នោម​ស្រួច​ស្រាវ​ប្រើប្រាស់​ ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុក​ ethylene glycol និង diethylene glycol។

គិត​ត្រឹម​ថ្ងៃទី ២០ តុលា ឥណ្ឌូណេស៊ី បាន​រកឃើញ​ករណី​របួស​តម្រង​នោម​​ភ្លាមៗ​ចំនួន ២០៦ នាក់​ ក្នុង​នោះ​មាន ៩៩ នាក់​បាន​ស្លាប់​ នៅ​ក្នុង​ឆ្នាំ​នេះ​។ លោក​ Sadikin បញ្ជាក់​ថា តួលេខ​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​ ធៀប​នឹង​របាយការណ៍​នេះ៕

Advertisement