ប្រទេស​ដំបូង​ដែល​ប្រកាស «ធ្វើ​ច​ត្តា​ឡី​ស័ក» ចំពោះ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox)

អាជ្ញាធរ​វាយតម្លៃ​ហានិភ័យ របស់ បែលហ្ស៊ិក បានប្រកាស​ធ្វើ​ច​ត្តា​ឡី​ស័ក ២១ ថ្ងៃ ចំពោះ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox)។

ទីភ្នាក់ងារសារព័ត៌មាន RT កាលពី​ថ្ងៃទី ២២ ឧសភា ឱ្យដឹងថា ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ពលរដ្ឋ ៣ នាក់​របស់​ប្រទេស​នេះ ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​អុត​ស្វា ដែលជា​ជំងឺ​មួយ​បាន​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​ជាង ១០ រួចមកហើយ​ក្នុង​សប្ដាហ៍​កន្លង។ ស្ថាប័ន​សុខាភិបាល​របស់ បែលហ្ស៊ិក បញ្ចេញ​ប្រកាស​នេះ​កាលពី​ថ្ងៃទី ២០ ឧសភា ២០២២។

អ្នក​វីរុស​សាស្ត្រ Marc Van Ranst បានឱ្យដឹងថា បែលហ្ស៊ិក បាន​រកឃើញ​អ្នកជំងឺ​ទី ៤ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា។ លោក​បញ្ជាក់ថា ដូច​ទៅនឹង ៣ ករណី​មុន ករណី​ទី ៤ នេះ​មាន​ជាប់ទាក់ទង​នឹង​ព្រឹត្តិការណ៍​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​អន្តរជាតិ Darklands ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​កាលពីដើម​ខែឧសភា នៅ Antwerp។

វិ​ជ្ជ​បណ្ឌិត Ranst និយាយថា «ប្រការ​សំខាន់​គឺថា អ្នក​ទាំងឡាយ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍ Darklands ត្រូវតែ​យកចិត្តទុកដាក់​ទៅលើ​រាល់​អាការ​ដែល​កើត​ឡើងលើ​ខ្លួន​ពួកគេ»។

ស្ថានភាព​នេះ​បង្ហាញថា ជំងឺ​ផ្ទុះឡើង​ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ។ ជំងឺ​អុត​ស្វា តែង​ជាសះស្បើយ​ដោយ​ឯកឯង​ក្នុង​រង្វង់ ២-៣ សប្ដាហ៍។ ជំងឺ​នេះ ភាគច្រើន​បង្ហាញ​វត្ត​មាននៅ អាហ្វ្រិក​ខាងលិច និង អាហ្វ្រិក​កណ្ដាល។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement