អ៊ីស្រាអែល សម្រេច​ចាក់​វ៉ាក់សាំង COVID-19 ដូសទី 3 ជូន​ពលរដ្ឋ

អ៊ីស្រាអែល បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ពេញវ័យ​ដែលមាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ ទទួល​ការចាក់​វ៉ាក់សាំង Pfizer ជា​ដូ​ស​ទី​បី។

ក្រសួងសុខាភិបាល អ៊ីស្រាអែល នា​សប្ដាហ៍​នេះ បានឱ្យដឹងថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ម្ជុល​ទី​បី សម្រាប់​ពលរដ្ឋ​ពេញវ័យ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា មាន​ហានិភ័យ​ឆ្លង COVID-19 ពិសេស​គឺ​ក្រុមមនុស្ស​ដែលមាន​អង់​ទី​ក័​រ​ខ្សោយ ឬ​ទើប​ឆ្លងកាត់​ការវះកាត់។

សេចក្ដីសម្រេច​របស់រ​ដ្ឋា​ភិ​បាល អ៊ីស្រាអែល ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ករណី​វិជ្ជមាន​នឹង COVID-19 នៅ​ប្រទេស​នេះ កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន) Delta។ មុននេះ អ៊ីស្រាអែល ត្រូវបាន​គេ​លើកសរសើរ ព្រោះតែ​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន​ជាងគេ​ក្នុង​ពិភពលោក ដោយ​ពលរដ្ឋ​ជាង 5 លាន​នាក់​ក្នុងចំណោម 9 លាន​នាក់​របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ។ បច្ចុប្បន្ន ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ អ៊ីស្រាអែល បាន​កើន​លើស 400 នាក់/ថ្ងៃ។

ទន្ទឹមនឹងនេះ ការជជែក​អំពី​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី នៅតែ​កើតមាន។ មន្ត្រី​សុខាភិបាល អាមេរិក យល់ថា ការចាក់​ដូ​ស​ទី​បី គឺជា​រឿង​មិនចាំបាច់។ ចំណែក​ក្រុមហ៊ុន Pfizer វិញ ក៏បាន​ឱ្យដឹងថា នឹង​ស្នើ​ដល់​ស្ថាប័ន​គ្រប់គ្រង អនុម័ត​លើ​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី។ ប្រទេស​មួយចំនួន មានដូចជា បា​រ៉ែ​ន និង អារ៉ាប់​រួម (UAE) ជាដើម កំពុង​ចាក់​វ៉ាក់សាំង Pfizer ចំនួន 1 ដូស​ទៀត សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm របស់ ចិន គ្រប់ 2 ដូ​ស៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement