សូម​ប្រយ័ត្ន!​ តួលេខ​​អ្នក​​ឆ្លង​​មេរោគ ​Salmonella ​ទាក់​ទង​​នឹង​​នំ​​សូកូឡា ​Kinder ​កំពុង​កើន​ឡើង​​នៅ​ អឺរ៉ុប

ទ្វីបអឺរ៉ុប រកឃើញ​ករណី​ឆ្លង​មេរោគ salmonella ចំនួន ១៥០ នាក់ ដែល​ត្រូវបាន​គេ​ជឿថា ទាក់ទិន​នឹង​បណ្ដា​ផលិតផល​នំ​សូកូឡា Kinder ផលិត​ដោយ​រោងចក្រ Ferrero នៅ ប្រទេស​បែលហ្ស៊ិក។

ក្នុង​ប្រកាស​រួមមួយ​កាលពី​ថ្ង​ទី ១២ មេសា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប និង​អាជ្ញាធរ​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប ឱ្យដឹងថា ករណី​ឆ្លង​មេរោគ salmonella ភាគច្រើន​គឺជា​ក្មេង​អាយុ​ក្រោម ១០ ឆ្នាំ ក្នុងនោះ​មាន​ករណី​ជាច្រើន​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។

គិត​មកដល់​ថ្ងៃទី ៨ មេសា ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​ករណី​ឆ្លង salmonella ចំនួន ១១៩ នាក់ និង ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ៣១ នាក់ នៅក្នុង ៩ ប្រទេស នៃ​តំបន់​អឺរ៉ុប រួមមាន បែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់, អៀឡង់, លុច​សំបួ, ហូ​ឡង់, ន័​រ​វែ​ស, អេ​ស្ប៉ា​ញ, ស៊ុយអែត និង អង់គ្លេស។

ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា បាន​រកឃើញ​មេរោគ salmonella ក្នុង​ផលិតផល​នំ​សូកូឡា Kinder ដែល​ផលិត​ដោយ​រោងចក្រ Ferrero នៅ​ទីរួមស្រុក Arlon នៃ ប្រទេស​បែលហ្ស៊ិក និង​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស បន្ត​តាមដាន ព្រោះថា ករណី​ឆ្លង​មេរោគ​នេះ​អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត។

កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​ផលិត​នំ​ស្ករ​គ្រាប់ Ferrero របស់ អ៊ីតាលី បាន​បង្ខំចិត្ត​បិទទ្វារ​នៅ ប្រទេស​បែលហ្ស៊ិក និង​ប្រមូល​មកវិញ​នូវ​ផលិតផល​ដែល​បានដាក់​លក់​នៅ សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប។

ក្រុមហ៊ុន Ferrero បាន​ទទួលស្គាល់ថា មាន​កំហុសឆ្គង​ក្នុងការ​ផលិត និង​បាន​ផ្ញើ​ការសុំ​អភ័យទោស​ដល់​អតិថិជន ទាក់ទង​នឹង​បញ្ហា​ឆ្លង​មេរោគ salmonella នៅលើ​ផលិតផល​នំ​សូកូឡា Kinder។

មេរោគ salmonella អាច​បង្កឱ្យមាន​អាការ​រាករូស ក្ដៅខ្លួន និង​ឈឺក្រពះ​នៅលើ​មនុស្ស។ នេះ​គឺជា​ប្រភេទ​មេរោគ​ដែល​ឆ្លង​ច្រើន​ជា​គេ​មួយ​នៅលើ​ចំណីអាហារ៕

Advertisement