មន្ត្រី​​របស់​ សហរដ្ឋ​អាម៉េរិក ថ្លែង​ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​​គ្រួសារ អាច​បង្ហាញ​លទ្ធផល «អវិជ្ជមាន​​ក្លែង​ក្លាយ»​ ចំពោះ អូ​មី​ក្រុង

ដោយយោង​ទៅតាម​ទិន្នន័យ​ដំបូង ក្រុមមន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក យល់ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​គ្រួសារ មាន​ប្រសិទ្ធភាព​ទាប ហើយ​អាច​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ក្លែងក្លាយ​ចំពោះ វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

«ទិន្នន័យ​ដំបូង​បង្ហាញថា ការធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន អាច​រកឃើញ​អ្នក​ផ្ទុក អូ​មី​ក្រុង ប៉ុន្តែ មាន​កម្រិត​ជាក់លាក់​មិនបាន​ដូច វ៉ា​រ្យ៉​ង់ ផ្សេង» អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បានប្រកាស​ដូច្នេះ កាលពី​ថ្ងៃទី ២៨ ធ្នូ។

FDA បានលើកឡើង​ដូច្នេះ បន្ទាប់ពី​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល (NIH) ដើម្បី​ស្រាវជ្រាវ​លើ​ប្រសិទ្ធភាព​របស់​ឧបករណ៍​ធ្វើតេស្ត​លក្ខណៈ​គ្រួសារ ឬ​ហៅថា ឧបករណ៍​ធ្វើតេស្ដ​អង់​ទី​ហ្សែ​ន នៅលើ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​នឹង អូ​មី​ក្រុង។

ប្រសិទ្ធភាព​ទាប​របស់​ឧបករណ៍​តេស្ត​រហ័ស​ចំពោះ​សំណាក​ដែល​ផ្ទុក អូ​មី​ក្រុង គឺ​មានន័យថា វិធីសាស្ត្រ​ពិសោធ​នេះ អាច​រំលង​ចោល​ករណី​វិជ្ជមាន និង​បង្ហាញ​លទ្ធផល «អវិជ្ជមាន​ក្លែងក្លាយ» នេះ​បើតាម FDA។

ឧបករណ៍​ធ្វើតេស្ត​រហ័ស កំពុង​ត្រូវបាន​ពលរដ្ឋ​អាម៉េរិក តាមរក​ទិញ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ-១៩ លក្ខណៈ​គ្រួសារ ក្នុង​គ្រា​ដែល​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ នៅ​ប្រទេស​នេះ​កំពុង​កើនឡើង​ខ្ពស់។ ឧបករណ៍​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​លក្ខណៈ​គ្រួសារ អាច​រកឃើញ​អ្នក​ផ្ទុក​វីរុស ដោយ​ប្រើពេល​ខ្លី ខណៈដែល​ការពិសោធ​ដោយ​ម៉ាស៊ីន PCR នៅឯ​មន្ទីរពិសោធន៍ ស៊ីពេល​យូរ​ជាង​ឆ្ងាយ៕

Advertisement