WHO ព្រមាន​​ថា ​ហានិភ័យ​នៃ​ការ​​ឆ្លង​ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «នៅតែ​ខ្ពស់​ខ្លាំង» 

ប្រធាន​ WHO លោក Tedros

អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យ​ទូទៅ​ដែល​បណ្ដាលមកពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង «នៅតែមាន​កម្រិត​ខ្ពស់​ខ្លាំង» បន្ទាប់ពី​ករណី​ឆ្លង កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក កើន ១១% កាលពី​សប្ដាហ៍​កន្លង។

«ភ័ស្ដុតាង​ស៊ីចង្វាក់​គ្នា​បានបង្ហាញ ថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង មានលទ្ធភាព​កើនឡើង​ខ្ពស់ជាង ដេ​លតា ដោយ​ការកើនឡើង​ទ្វេដង​របស់​វា ស៊ីពេល​ត្រឹមតែ​ពី ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ជាច្រើន» WHO បានឱ្យដឹង​ដូច្នេះ នៅថ្ងៃនេះ។

WHO វាយតម្លៃថា ល្បឿន​យ៉ាង​លឿន​នៃ​ការកើនឡើង​របស់​ករ​ណី​ឆ្លង​អាច​បណ្ដាលមកពី «ការរួម​ផ្សំ​រវាង​សមត្ថភាព​នៃ​ការ​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ និង​ភាព​ងាយ​ឆ្លង​រាលដាល​របស់ អូ​មី​ក្រុង»។

ប៉ុន្តែ WHO ក៏បាន​សង្កត់ធ្ងន់ថា អត្រា​នៃ​ករណី​ឆ្លង​ដែល​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង ដែលជា​ប្រទេស​ដំបូង​គេ​បាន​រាយការណ៍​អំពី​វត្តមាន​របស់ អូ​មី​ក្រុង បាន​ថយចុះ ២៩%។ រីឯ​ទិន្នន័យ​ដំបូង​ដែល​បានមកពី ប្រទេស​អង់គ្លេស អាហ្វ្រិក​ខាងត្បូង និង ដា​ណឺ​ម៉ាក ក៏បាន​បង្ហាញថា ហានិភ័យ​នាំឱ្យ​ចូល​ពេទ្យ​ដោយសារ អូ​មី​ក្រុង ថយចុះ ឬ​ទាប​ជាង បើ​ធៀប​នឹង ដេ​លតា។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​ត្រូវការ​ទិន្នន័យ​ច្រើន​បន្ថែមទៀត​ដើម្បី​អាច​កំណត់​បាន​នូវ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់ អូ​មី​ក្រុង ទាក់ទិន​នឹង​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​ប្រើប្រាស់ អុកស៊ីសែន ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ការស្លាប់៕

Advertisement