កុមារ​អាយុ ៣-៤ ឆ្នាំ នៅ កម្ពុជា អាចនឹងទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នាពេលឆាប់ៗខាងមុខ

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល របស់ កម្ពុជា បាន​ថ្លែងថា កុមារតូចៗដែលមាន​អាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ អាចនឹងទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ដោយយោង​ទៅតាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ ប្រទេស​ចិន។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ដូចខាងលើ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុងឱកាស​អញ្ជើញ​ទទួល​វ៉ាក់សាំង​ប្រភេទ អា​ស្ត្រា​ហ្សេ​នេ​កា (AstraZeneca) ចំនួន ២៩០,៤០០ ដូ​ស ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល នៃ ប្រទេស​ហូ​ឡង់ តាមរយៈ​យន្តការ​ល​កូ​វ៉ា​ក់ (Covax Facility) កាលពី​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២។

“ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ បានបញ្ជាក់​រួចហើយ​ពី​ប្រសិទ្ធភាព និង​សុវត្ថិភាព ហើយ ប្រទេស​ចិន នៅពេលនេះ​បាននិងកំពុង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​កុមារ​ដែលមាន​អាយុ ៣ ឆ្នាំ​ឡើង​រួចហើយ​ដែរ» លោកជំទាវ យក់ សម្បត្តិ បញ្ជាក់​ដូច្នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ក្រសួងសុខាភិបាល ក៏ដូចជា​គ.វ.ក១៩ ពិនិត្យ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារតូចៗ នៅ កម្ពុជា ផងដែរ។

គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​ បានទទួល​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ សរុប​ជាង ៤០,៥ លាន​ដូ​ស​ហើយ ក្នុងនោះ​វ៉ាក់សាំង​នៅសល់​ក្នុង​ឃ្លាំង ​ប្រមាណ ៥ លាន​ដូ​ស​។

Advertisement