វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩ អាច​រស់​បានយូរ​ប៉ុនណា នៅក្នុង​រាងកាយ​អ្នកជំងឺ?

មន្ត្រី​ខុ​សា​ភិ​បាល​ជាន់ខ្ពស់​មួយរូប​របស់ រុស្ស៊ី បាន​ព្រមាន​ថា វីរុស SARS-CoV-2 (កូ​វីដ-១៩) អាចរ​ស់បាន​រយៈពេល​យូរ​នៅក្នុង​រាងកាយ​មនុស្ស ក្រោយពី​បាន​ឆ្លង​វីរុស​នេះ។

នៅក្នុង​សម្ភាស​ជាមួយ​ទស្សនាវដ្ដី KP កាលពី​ថ្ងៃទី ២ វិច្ឆិកា លោកស្រី អាណា ប៉ូប៉ូវ៉ា (Anna Popova) ដែលជា​ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​និង​ការពារ​សុខភាព​អ្នកប្រើប្រាស់ Rospotrebnadzor បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វីរុស​អាចរ​ស់បានរ​ហូត​ដល់ ៨០ ថ្ងៃ ឬ ១០០ ថ្ងៃ នៅក្នុង​រាងកាយ​អ្នកជំងឺ។

«ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​បានបង្ហាញ​អំពី​ប្រការនេះ» លោកស្រី អាណា ប៉ូប៉ូវ៉ា បញ្ជាក់​ដូច្នេះ និង​បន្តថា រយៈពេល​នៃ​ការ​សម្ងំ​ខ្លួន​របស់ វីរុស​កូ​វីដ-១៩ គឺ ១៤ ថ្ងៃ មានន័យថា រោគសញ្ញា​នឹង​បង្ហាញខ្លួន​យ៉ាងយូរបំផុត​ពីរ​សប្ដាហ៍​ក្រោយពី​បាន​ឆ្លង។

ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់ អាម៉េរិក បានឱ្យដឹងថា អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ អាច​នៅតែមាន RNA (Ribonucleic acid) របស់​វីរុស​នេះ នៅក្នុង​សំណាក​ដែល​យក​ពី​ផ្លូវដង្ហើម យ៉ាងយូរ ៣ ខែ ក្រោយពី​មាន​ជំងឺ។ ប៉ុន្តែ លទ្ធភាព​នៃ​ការឆ្លង​គឺមាន​តិចតួច​ណាស់។

Advertisement