អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ខ្លាំង​អំពី​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លង​ប្រទេស ដោយសារ​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង

​លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង នៅពេល​បណ្ដា​ប្រទេស​នាំគ្នា​ហាមឃាត់​ការធ្វើដំណើរ​ទៅមក​តំបន់​អាហ្វ្រិក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង (Omicron)។

«មិនអាច​ទម្លាក់កំហុស​លើ​ប្រជាជន​នៅ ទ្វីបអាហ្វ្រិក ដោយសារតែ​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ខ្លាំងពេក​នៅ​ទ្វីប​នេះ ហើយក៏​មិនអាច​ដាក់ទណ្ឌកម្ម​លើ​ពួកគេ ព្រោះ​ពួកគេ​កំណត់​បាន និង​ចែករំលែក​ព័ត៌មានវិទ្យា​សាស្ត្រ សុខាភិបាល​ដ៏​សំខាន់ ជាមួយ​ពិភពលោក» អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។ លោក​បន្តថា «ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ដោយសារតែ​បណ្ដា​ប្រទេស​នៅ ទ្វីបអាហ្វ្រិក ត្រូវបាន​ដាក់ឱ្យ​នៅឯ​កោ»។

បច្ចុប្បន្ន ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បានសម្រេច​ហាមឃាត់​អ្នកដំណើរ​ពី​បណ្ដា​ប្រទេស​នៅ ទ្វីបអាហ្វ្រិក បើទោះជា​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង បានបង្ហាញ​ខ្លួន​នៅ អឺរ៉ុប អាស៊ី និង អាម៉េរិក​ខាងជើង រួចហើយ​ក្ដី។ លោក Guterres បាន​ស្នើឱ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស ពិនិត្យ​អំពី​វិធានការ​ផ្សេង​ជំនួស​ការហាមឃាត់​នេះ ក្នុងនោះ​មានដូចជា ការធ្វើ​តេស្ត​ច្រើនដង ដើម្បី «បញ្ចៀស​ការឆ្លង​រាលដាល និង​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ និង​លំហូរ​សេដ្ឋកិច្ច»។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ទ្វីប អាហ្វ្រិក​ខាងត្បូង ចូលក្នុង​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ។ វ៉ា​រ្យ៉​ង់​ថ្មី​នេះ​បាន​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​ទ្វីប អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​ពិភពលោក៕

Advertisement