មុនពេល​វីរុស​ COVID-19 ផ្ទុះ​ឆ្លង​​រាល​ដាល​​នៅ​ Wuhan ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ចិន ធ្លាប់​ចូល​ពេទ្យ​ទទួល​ការព្យាបាល

អ្នកស្រាវជ្រាវ​ជាច្រើនរូប នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan ធ្លាប់បាន​ចូល​ពេទ្យ​ទទួល​ការព្យាបាល កាលពី​ខែវិច្ឆិកា ឆ្នាំ2019 ដែល​នេះ​បានកើត​ឡើងជា​ច្រើន​ខែ មុនពេល​ប្រទេស​ចិន ប្រកាសថា​មាន Covid-19។

ព័ត៌មាន​ខាងលើនេះ ត្រូវបាន​សារព័ត៌មាន Wall Street Journal (WSJ) របស់​សហរដ្ឋអាមេរិក ចុះផ្សាយ​កាលពី​ថ្ងៃទី23 ខែឧសភា​កន្លងទៅ ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ពី​អ្នកស៊ើប​ការណ៍​សម្ងាត់រ​បស់​អាមេរិក។ របាយការណ៍​បានផ្ដល់​ព័ត៌មាន​ថ្មី​ស្ដីពី​ចំនួន​អ្នកវិទ្យាសាស្ត្រ​ដែល​ធ្លាប់បាន​ធ្លាក់ខ្លួន​ឈឺ រួម​នឹង​ពេលវេលា​នៃ​ការឆ្លង​ជំងឺ និង​ចំនួន​លើក​ដែល​ពួកគេ​បាន​ទៅ​វិទ្យាស្ថាន​របស់​ពួកគេ។ ព័ត៌មាន​នេះ អាចធ្វើឱ្យ​ការអំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​ជាង​បច្ចុប្បន្ន លើ​លទ្ធភាព​ដែលថា វីរុស​Covid-19 បាន «រួច​ចេញ» ពី​បន្ទប់ពិសោធន៍​នៅ​ប្រទេស​ចិន ដែល​កន្លងមក ត្រូវបាន​អាជ្ញាធរ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ដាក់​ការសង្ស័យ ហើយ​វា​ក៏​ជា​ប្រការ​ដែល​ទីក្រុង​ប៉េកាំង បាន​ច្រានចោល​ម្ដង​ហើយ ម្ដងទៀត។

នៅពេល​ប្រធានាធិបតី Trump ជិត​អស់​អាណត្តិ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានប្រកាស​ឯកសារ​ដែ​ល​បង្ហាញថា «រដ្ឋាភិបាល​អាមេរិក មាន​មូលហេតុ​ដើម្បី​ជឿ​បាន​ថា អ្នកស្រាវជ្រាវ​មួយចំនួន​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ2019 មុនពេល​ករណី​ឆ្លង Covid-19 ដំបូង ត្រូវបាន​គេ​ដឹង ជាមួយនឹង​អាការរោគ​ដូច​ទៅនឹង Covid-19 និង​ជំងឺ​តាម​ឆ្លងតាម​រដូវ ផ្សេងៗទៀត»។

ព័ត៌មាន​ខាងលើនេះ ត្រូវបាន​សារព័ត៌មាន WSJ ចេញផ្សាយ​នៅ​យប់ មុន​កិច្ចប្រជុំ​មួយ​របស់​ស្ថាប័ន​ចេញ​សេចក្ដីសម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​តាម​គម្រោង​នឹង​ពិភាក្សា​លើ​ដំណាក់កាល​បន្ទាប់​នៃ​ការស៊ើបអង្កេត​រក​ប្រភព​របស់ Covid-19។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហរដ្ឋអាមេរិក មិនបាន​អធិប្បាយ​អ្វី​ចំពោះ​ព័ត៌មាន​ដែល WSJ បានចេញ​ផ្សាយ ប៉ុន្តែ បានឱ្យដឹងថា រដ្ឋាភិបាល​របស់លោក Joe Biden បន្ត​ចោទសួរ​នូវ «សំណួរ​ប្រកបដោយ​ភាព​ម៉ឺន​ម៉ាត់ អំពី​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត Covid-19 រួមទាំង​ប្រភព​របស់​វា​នៅ​ប្រទេស​ចិន»។ អ្នកស្រី​ឱ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុងធ្វើការ​ជាមួយនឹង WHO និង​បណ្ដា​ប្រទេស​ជា​សមាជិក​ផ្សេងទៀត ដើម្បី​ធានាថា ការវាយតម្លៃ​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​​ប្រកប​ដោយ​​វិជ្ជាជីវៈ ស្ដីពី​ប្រភព​របស់​មហា​រោគរាតត្បាត ដោយ «មិនត្រូវ​បាន​ភាគី​ណាមួយ​រារាំង ឬ​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម»។

វិទ្យាស្ថានវីរុសសាស្ត្រ Wuhan របស់ប្រទេសចិន ក្លាយជាទីចំណាប់អារម្មណ៍នៃការស្រាវជ្រាវរកប្រភពរបស់ Covid-19

«យើង​នឹងមិន​ប្រកាស​អំពី​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ស្រាវជ្រាវ​លើ​ប្រភព Covid-19 ដែល WHO កំពុង​ធ្វើ ប៉ុន្តែ​យើង​បាន​និយាយ​ហើយ​ថា សម្មតិកម្ម​ដែល​គួរ​ជាទី​ទុកចិត្ត គួរតែ​ត្រូវបាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ វាយតម្លៃ​ឱ្យបាន​ម៉ត់ចត់»។

សហរដ្ឋអាមេរិក, ន័​រ​វែ​ស, កាណាដា, អង់គ្លេស និង​ប្រទេស​មួយចំនួន កាលពី​ខែមីនា បាន​សំដែង​ការព្រួយបារម្ភ​អំពី​ការស្រាវជ្រាវ​លើ​ប្រភព Covid-19 ដែល​ដឹកនាំ​ដោយ WHO ព្រមទាំង​បាន​អំពាវនាវ​ឱ្យមាន​ការស្រាវជ្រាវ​បន្ថែម និង​ប្រមូល​រាល់​ទិន្នន័យ​ទាក់ទិន​នឹង​មនុស្ស សត្វ និង​ទិន្នន័យ​ផ្សេងទៀត ស្ដីពី​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​ឆ្លង Covid-19។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ចង់ឱ្យមាន​ការធានា​លើ​កិច្ចសហការ និង​តម្លាភាព​ជាង​បច្ចុប្បន្ន ពី​សំណាក់​ទីក្រុង​ប៉េកាំង។

បច្ចុប្បន្ន ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ង​តោន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ការបញ្ចេញមតិ​ខាងលើនេះ​នៅឡើយ។

ក្រសួងការបរទេស​ចិន កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា អ្នកជំនាញការ​មួយក្រុម​ដែល​ដឹកនាំ​ដោយ WHO បាន​សន្និដ្ឋានថា លទ្ធភាព​ដែល​វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍ គឺជា​រឿង​ដ៏​លំបាក បន្ទាប់ពី​ពួកគេ​បានធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan កាលពី​ខែកុម្ភៈ។

ក្រសួងការបរទេស​ចិន បាន​ប្រាប់ WSJ ថា៖ «សហរដ្ឋអាមេរិក បន្ត​បំប៉ោង​សេណារីយោ វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍។ តើ​ពួកគេ​ពិតជា​យកចិត្តទុកដាក់​លើ​ការស្វែងរក​ប្រភព ឬ​ព្យាយាម​បង្វែរ​ចំណាប់អារម្មណ៍?»។

សូម​រំលឹកថា ប្រទេស​ចិន កាលពី​ខែកុម្ភៈ បាន​បដិសេធ​ផ្ដល់​ទិន្នន័យ​ដើម​ទាក់ទិន​នឹង​ករណី Covid-19 ដំបូងៗរបស់ខ្លួន ដែល WHO ស្នើសុំ នៅក្នុង​ការស្រាវជ្រាវរ​ក​ប្រភព​នៃ​វីរុស​នេះ។ នេះ​បើតាម​អ្នកជំនាញ​មួយរូប​របស់​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ​សុខភាព​ពិភពលោក។ ប្រការនេះ​អាចធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​កិច្ចខិតខំ​ក្នុងការ​ស្វែងយល់​អំពី​វិធី​ដែល​វីរុស​បាន​ផ្ទុះ​ឆ្លង​រាលដាល​ដំបូង៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement