ប្រទេស​ចំនួន 95 នឹងមាន​សិទ្ធិ​ផលិត​ឱសថ​ព្យាបាល​ជំងឺ COVID-19 របស់ Pfizer

ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer បានប្រកាសថា នឹង​ផ្ដល់​ការអនុញ្ញាតឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន 95 ផលិត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដែល​ក្រុមហ៊ុន​កំពុង​រង់ចាំ​ការអនុម័ត​ពី អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ រវាង Pfizer និង​អង្គការ​ប៉ាតង់​ឱសថ MPP (Medicines Patent Pool) ដែលជា​អង្គការ​អន្តរជាតិ​ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឱ្យ MPP ផ្ដល់​សិទ្ធិ​ក្នុង​ការផលិត​ឱសថ​ដល់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ នៅក្នុង​ប្រទេស​ចំនួន 95 ក្នុង​ពិភពលោក ដើម្បីឱ្យ​ពួកគេ​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ Pfizer ដោយ​ខ្លួនឯង។

តាម​គម្រោង Pfizer នឹង​លក់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដែលមាន​ឈ្មោះថា Paxlovid។ នេះ​គឺជា​ឱសថ​មួយ​ប្រភេទ​ដែល​អាច​ទប់ស្កាត់​ការកើត​កូនចៅ​របស់​វីរុស។ លទ្ធផល​នៃ​ការវិភាគ​បឋម​បង្ហាញថា ឱសថ Paxlovid របស់ Pfizer អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់​បាន​រហូតដល់ 89%។

ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer កាលពី​ថ្ងៃទី 16 វិច្ឆិកា ឱ្យដឹងថា ពួកគេ​បានដាក់​ពាក្យ​រួចហើយ​ដើម្បី​ស្នើសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ Paxlovid ទៅកាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

FDA នឹង​ចេញ​សេចក្ដីសម្រេច​ចុងក្រោយ​ស្ដីពី​ក្រុម​គោលដៅ​ដែល​អាច​ប្រើប្រាស់​ថ្នាំ ក៏ដូចជា​វិធី​នៃ​ការប្រើប្រាស់។

ថ្នាំ Paxlovid របស់ Pfizer គ្រោង​នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​ថ្នាំ​ប្រឆាំង COVID-19 molnupiravir របស់ Merck៕

Advertisement