តម្លៃ​អគ្គិសនី​នៅ តំបន់អឺរ៉ុប ឡើង​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

ទំព័រសារព័ត៌មាន​ហិរញ្ញវត្ថុ Financial Times បានចេញ​ផ្សាយ​ថា តម្លៃ​អគ្គិសនី​នៅ សហភាព​អឺរ៉ុប (EU) បាន​កើនឡើង​ខ្ពស់ជាង​មុន ៤ ដង ដោយសារ​ការចំណាយ​ខ្ពស់​ទៅលើ​ឧស្ម័ន។

Financial Times ឱ្យដឹងថា កាលពី​ថ្ងៃទី ៥ កក្កដា តម្លៃ​អគ្គិសនី​នៅ អឺរ៉ុប បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារតែ​អស្ថិរភាព​នៃ​ប្រភព​ផ្គត់ផ្គង់​ពី រុស្ស៊ី ធ្វើឱ្យ​តម្លៃ​ឧស្ម័ន​កើនឡើង​ខ្ពស់។

ប្រភព​បន្ទុកអគ្គិសនី​មូលដ្ឋាន​របស់ អាល្លឺម៉ង់ សម្រាប់​ផ្គត់ផ្គង់​នៅ​ឆ្នាំក្រោយ ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៣៣៤ ដុល្លារ/ MWh។ តួលេខ​នេះ​បាន​ឡើង​ខ្ពស់ជាង​កំណត់ត្រា​មុន​នោះ​ដែល​បង្កើតឡើង​កាលពី​ខែធ្នូ ២០២១។ កាលពី​ខែកក្កដា​ឆ្នាំ​កន្លង តម្លៃ​អគ្គិសនី​ត្រូវបាន​លក់​ត្រឹមតែ​ជាង ៨៣ ដុល្លារ​ប៉ុណ្ណោះ នៅក្នុង ១ MWh។

យោងតាម Financial Times តម្លៃ​អគ្គិសនី​នៅ ប្រទេស​បារាំង ក៏បាន​កើន​ទ្វេដង ឡើងដល់ ៣៧៧ ដុល្លារ/MWh រាប់​ចាប់ពី​ដើមឆ្នាំ​នេះ។

តម្លៃ​អគ្គិសនី​រង​ឥទ្ធិពល​ពី​ការចំណាយ​ទៅលើ​ឧស្ម័ន​ធម្មជាតិ ដែល​ប្រើប្រាស់​នៅក្នុង​ការផលិត​អគ្គិសនី។ តម្លៃ​ឧស្ម័ន​នៅ អឺរ៉ុប បាន​កើនឡើង​លើសពី ១,៨០០ ដុល្លារ/ពាន់​ម៉ែត្រគូប​ជា​លើកដំបូង​កាលពី​ថ្ងៃទី ៥ កក្កដា រាប់​ចាប់ពី​ដើមខែ​មីនា ដោយសារតែ​កម្មករ​ក្នុង​វិស័យ​ប្រេង​ឧស្ម័ន​នៅ ន័​រ​វែ​ស នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ធ្វើឱ្យ​បរិមាណ​ដែល​ត្រូវ​ផលិត​ជាធម្មតា ត្រូវ​ថយចុះ។

Financial Times បញ្ជាក់ថា ស្ថាន​ភាពខ្វះ​អគ្គិសនី​កាន់តែ​អាក្រក់ឡើងៗ បន្ទាប់ពី​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​របស់ បារាំង ត្រូវបាន​ផ្អាក​មួយរយៈ​ពេល​ដើម្បី​ថែទាំ។ ដូច្នេះ បណ្ដា​ប្រទេសជិតខាង ក៏​ងាក​ទៅប្រើ​ប្រាស់​ឧស្ម័ន​ច្រើនជាង​មុន​ដើម្បី​បង្កើន​ការផលិត​អគ្គិសនី​ក្នុងស្រុក។

ក្រៅពីនេះ ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 រវាង រុស្ស៊ី និង អាល្លឺម៉ង់ ដែល​នឹង​បិទទ្វារ​ដើម្បី​ថែទាំ​ចាប់ពី​សប្ដាហ៍​ក្រោយ ព្រោះតែ​បញ្ហា​បច្ចេកទេស​ដែល​ទាក់ទង​នឹង​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ក៏បាន​ក្លាយជា​បញ្ហា​ធំ​ចំពោះ​រោងចក្រ​ផលិត​អគ្គិសនី​ទាំងឡាយ​ដែល​ដើរ​ដោយ​ឧស្ម័ន​ផងដែរ៕

Advertisement