ក្រោយ​ការសម្រេចចិត្ត​របស់ Fed តម្លៃ​ប្រេង​ពិភពលោក​នៅតែ​បន្ត​កើនឡើង

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៧ កក្កដា តម្លៃ​ប្រេង Brent កើន ២.១% ក្នុង ១ ធុង គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ WTI កើន ២.៤% ក្នុង ១ ធុង។

តម្លៃ​ប្រេង​ពិភពលោក​បាន​កើន​ជាង ២ ដុល្លារ ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ នៅពេលដែល​ការថយចុះ​នៃ​បរិមាណ​ប្រេង​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក និង​បញ្ហា​បរិមាណ​ឧស្ម័ន​ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប «មានប្រៀប» ជាង​ការបារម្ភ​អំពី​តម្រូវ​ការថយចុះ និង​ការដំឡើង​ការប្រាក់​របស់ សហរដ្ឋ​អាម៉េរិក។

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៧ កក្កដា តម្លៃ​ប្រេង Brent កើន ២.២២ ដុល្លារ ឬ ២.១% ឡើងដល់ ១០៦.៦២ ដុល្លារ/ធុង គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ WTI កើន ២.២៨ ដុល្លារ ឬ ២.៤% និង​បញ្ចប់​ក្នុងតម្លៃ ៩៧.២៦ ដុល្លារ/ធុង។

រដ្ឋបាល​គ្រប់គ្រង​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) បានឱ្យដឹងថា បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ ៤.៥ លាន​ធុង​ក្នុង​សប្ដាហ៍​កន្លង នៅពេល​បរិមាណ​ប្រេង​នាំចេញ​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដោយសារ​តម្លៃ​ប្រេង​ឆៅ​របស់ អាម៉េរិក ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​តម្លៃ​ប្រេង Brent។

ទន្ទឹមនឹងនេះ តម្លៃ​ប្រេង​ក៏​ទទួលបាន​ប្រយោជន៍​បន្ទាប់ពី​មាន​ព័ត៌មាន​ថា បរិមាណ​ឧស្ម័ន​បង្ហូរ​តាម​ប្រព័ន្ធ Northern Stream 1 កាលពី​ថ្ងៃទី ២៧ កក្កដា បាន​ថយ​ចុះមក​នៅត្រឹម ២០% នៃ​កម្លាំង​របស់​បណ្ដាញ​បំពង់​បង្ហូរ​នេះ និង​ព័ត៌មាន​ដែលថា ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​អ៊ីតាលី Eni ឱ្យដឹងថា នឹង​ទទួលបាន​ឧស្ម័ន​តិចជាង​មុន ពី​សាជីវកម្ម Gazprom របស់ រុស្ស៊ី។

ការប្រែប្រួល​ទាំងឡាយ​ខាងលើ បាន «យកឈ្នះ» លើ​ឥទ្ធិពល​ដែល​កើតមាន​ពី​ការសម្រេចចិត្ត​ដំឡើង​ការប្រាក់​ថែម ០.៧៥ ពិន្ទុ​ភាគរយ​របស់ ធនាគារកណ្ដាល​របស់ សហរដ្ឋ​អាម៉េរិក (Fed)  កាលពី​ថ្ងៃទី ២៧ កក្កដា។

Advertisement