ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer ដាក់​ពាក្យសុំ​អនុម័ត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

ក្រុមហ៊ុន Pfizer បានដាក់​ពាក្យសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ឡើងទៅ​កាន់ FDA បន្ទាប់ពី​ឱសថ​របស់​ពួកគេ​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់​រហូតដល់ 89%។

ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer កាលពី​ថ្ងៃទី 16 វិច្ឆិកា ឱ្យដឹងថា ពួកគេ​បានដាក់​ពាក្យ​រួចហើយ​ដើម្បី​ស្នើសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ Paxlovid ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស ជួយ​ព្យាបាល​ជំងឺ COVID-19 ឡើងទៅ​កាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ពេលណា​ទើប FDA នឹង​ចេញ​សេចក្ដីសម្រេច​ចំពោះ​សំណើ​របស់ Pfizer នៅឡើយ។ កាលពី​ថ្ងៃទី 11 តុលា ក្រុមហ៊ុន Merck និង​ដៃគូ Ridgeback Biotherapeutics ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ការអនុម័ត​ចំពោះ​ថ្នាំ molnupiravir ដែលជា​ផលិតផល​ប្រកួតប្រជែង​នឹង Paxlovid។

FDA នឹង​ចេញ​សេចក្ដីសម្រេច​ចុងក្រោយ​ស្ដីពី​ក្រុម​គោលដៅ​ដែល​អាច​ប្រើប្រាស់​ថ្នាំ ក៏ដូចជា​វិធី​នៃ​ការប្រើប្រាស់។

ក្រៅពី​សហរដ្ឋ​អាម៉េរិក ក្រុមហ៊ុន Pfizer ក៏​កំពុង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការសុំច្បាប់​លក់​ថ្នាំ​ព្យាបាល COVID-19 នៅក្នុង​ប្រទេស​មួយចំនួន​ផងដែរ រួមមាន អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង កូរ៉េខាងត្បូង។

ថ្នាំ Paxlovid របស់ Pfizer គ្រោង​នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​ថ្នាំ​ប្រឆាំង COVID-19 molnupiravir របស់ Merck៕

Advertisement