ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ​មិនទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ទទួល​សេវាកម្ម ដើម្បី​ការពារ​សុខភាព

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (គ.វ.ក.១៩) ជូន​សេចក្ដីណែនាំ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ក្រោយពី​ការប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជុំទីមួយ។

គ.វ.ក.១៩ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គោលដៅ​ខាងលើ ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅតាម​មន្ទីរពេទ្យបង្អែក​នានា។ ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​លើក​នេះ ក្រសួងសុខាភិបាល មិន​តម្រូវឱ្យ​ពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​ច្រើន​នោះទេ ដោយ​គ្រាន់តែ​យកទៅ​តាម​ខ្លួន​នូវ អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត តែមួយ​ប៉ុណ្ណោះ។

ការអំពាវនាវ​របស់ គ.វ.ក.១៩ នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយសារ​មូលហេតុផ្សេងៗ ក្រោយ​ការប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ជុំទីមួយ។

Advertisement