ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង ប្រទេស​ថៃ អាច​ទទួលបាន​វ៉ាក់សាំង COVID-19 ពី កម្ពុជា នាពេលឆាប់ៗខាងមុខ

ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជា​ឱ្យ​មន្ដ្រី​ជំនាញ សហការ​ជាមួយ​ភាគី​ថៃ បញ្ជូន​វ៉ាក់សាំង COVID-19 ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​នេះ។

ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​លឿន​ជាង​ការកំណត់ ក្នុង​រង្វង់ 8 ខែ បន្ទាប់ពី​ការបើក​យុទ្ធនាការ​ដំបូង។

ដើមឡើយ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជុំទីមួយ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ 2022 ប៉ុន្តែ​បច្ចុប្បន្ន ការចាក់​វ៉ាក់សាំង​សម្រេចបាន​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់។

ស្ថានទូតកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចុះចែកអំណោយដល់ ពលរដ្ឋខ្មែរដែលរងគ្រោះដោយសារ COVID-19 ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន

យ៉ាងនេះ​ក្ដី សម្តេច​តេ​ជោ បន្ថែមថា នៅមាន​ប្រជាពលរដ្ឋ​កម្ពុជា មួយចំនួនទៀត​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង។ ប្រមុខ​រដ្ឋាភិបាល ជឿថា ពលរដ្ឋ​កម្ពុជា នៅ ប្រទេស​កូរ៉េខាងត្បូង បាន​ចាក់ 100% នៃ​ចំនួន​ពលរដ្ឋ​រប​ស់​កម្ពុជា ខណៈ ជប៉ុន ក៏​ចាក់​បាន 100% ប៉ុន្តែ នៅ ប្រទេស​ថៃ និង ម៉ាឡេស៊ី ប្រហែលជា​អាច​ចាក់​បាន​មួយចំនួន​ប៉ុណ្ណោះ។

ដោយសារតែ​ប្រទេស​ថៃ មិនទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដូច្នេះ កម្ពុជា មានបំណង​បញ្ជូន​វ៉ាក់សាំង​ទៅកាន់ ប្រទេស​ថៃ ដោយ​ស្នើឱ្យ​អាជ្ញាធរ​ថៃ ជួយ​យក​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ។

យោង​តាម​គេហទំព័រ Ourworldindata គិត​មកដល់​ថ្ងៃទី 30 ខែតុលា ឆ្នាំ 2021 ការចាក់​វ៉ាក់សាំង COVID-19 ប្រទេស​ថៃ រួមមាន៖ ពលរដ្ឋ​ប្រមាណ​ជាង 42% បាន​ចាក់​រួចរាល់ ខណៈ​ជាង 17% បាន​ចាក់​យ៉ាងតិច 1 ដូ​ស។ ដូច្នេះ ប្រទេស​ថៃ ទើបតែ​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ 59% ប៉ុណ្ណោះ ធៀប​នឹង​គោលដៅ​សរុប៕

Advertisement