ថ្នាំ​ព្យាបាល​ប្រភេទ​ថ្មី ទប់ស្កាត់​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 និង​មាន​ប្រសិទ្ធភាព​ជិត 20 ខែ

រូប​ភាព​បង្ហាញ​ពី​អង្គបដិប្រាណ​ វាយ​ប្រហារ​ប្រតេអ៊ីន​បន្លា​នៅ​លើ​វីរុស​ ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ជ្រែក​ចូល​កោសិកា​រាងកាយ​

ដោយ​គ្រាន់តែ​ចាក់​លើ​សាច់ដុំ ថ្នាំ​ប្រភេទ​ថ្មី​នេះ នឹងមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 មិនឱ្យ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ ឬ​ស្លាប់ ក្នុង​រយៈពេល​រហូតដល់ 18 ខែ​ឯណោះ។

ក្រុមហ៊ុន AstraZeneca របស់ ប្រទេស​អង់គ្លេស ថ្មីៗនេះ​បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី ដែលជា​ដំណាក់កាល​ចុងក្រោយ​មុននឹង​ត្រូវបាន​អនុម័ត​ឱ្យ​យកទៅ​ប្រើប្រាស់ បង្ហាញថា វិធីសាស្ត្រ​ថ្មី​ក្នុងការ​ព្យាបាល​ជំងឺ COVIDD-19 ដោយ​ប្រើ​ថ្នាំ AZD7442 របស់​ក្រុមហ៊ុន​នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 មិន​ឱ្យមាន​អាការ​ធ្ងន់ធ្ងរ ឬ​ស្លាប់ នៅក្នុង​រង្វង់ 18 ខែ។

AZD7442 មាន​ផ្ទុក​អង្គ​ប​ដិ​ប្រាណ ជា​ធាតុ​ដែល​ដើមឡើយ​ត្រូវបាន​ផលិតឡើង​ដោយ​រាងកាយ ដើម្បី​ប្រតិកម្ម​ជាមួយនឹង​វីរុស ឬ​ត្រូវបាន​រាងកាយ​ផលិតឡើង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ពួកវា​ធ្វើ​សកម្មភាព​ដោយ​ការមើល​ស្គាល់​ផ្នែក​ជាក់លាក់​របស់​វីរុស COVID-19 ហើយ​ធ្វើការ​វាយប្រហារ​ដោយផ្ទាល់ ឬ​ទប់ស្កាត់​សកម្មភាព​របស់​វីរុស និង «ដាក់​ស្លាក» លើ​វីរុស ដើម្បីឱ្យ​ផ្នែក​ដទៃ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ កម្ចាត់​ចោល។

ក្រោយពី​បាន​កម្ចាត់​វីរុស អង្គ​ប​ដិ​ប្រាណ​ទាំងនេះ​ក៏​នៅតែ​ស្ថិតនៅក្នុង​រាងកាយ​មួយរយៈ​ពេល បង្កើតបានជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ចងចាំ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស។ នៅពេល អង់​ទី​ហ្សែ​ន បង្ហាញខ្លួន អង្គ​ប​ដិ​ប្រាណ​ទាំងនេះ​នឹង​ចាត់ការភ្លាម។

ថ្នាំ​ព្យាបាល​ថ្មី AZD7442 ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​ពិសេស​ដែល​ហៅថា ម៉ូ​ណូ​ក្លូន (Monoclonal antibodies) ជា​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​បន្ទប់ពិសោធន៍ ដោយ​ធ្វើ​ត្រាប​តាម​លទ្ធភាព​នៃ​ការការពារ​បែប​ធម្មជាតិ​របស់​រាង​កាយ ប៉ុន្តែ​ក្នុងករណីនេះ​គឺ​ធ្វើ​ត្រាប​តាម​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ ជាមួយនឹង​វីរុស COVID-19។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ AstraZeneca សង្ឃឹមថា ថ្នាំ AZD7442 មួយដូស អាចការពារមនុស្សក្នុងរយៈពេលពី 12 ដល់ 18 ខែ ពីការកើតមានអាការធ្ងន់ធ្ងរដោយសារ COVID-19

នេះ​មិនមែនជា​បច្ចេកវិទ្យា​ថ្មី​នោះទេ ព្រោះថា វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​រួចមកហើយ។ ជាង​នេះ វា​ក៏​ត្រូវបាន អនុម័ត​ដំបូង​គេ សម្រាប់​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ COVID-19 នៅ ប្រទេស​អង់គ្លេស កាលពី​ខែសីហា ឆ្នាំ 2021។

ក៏ប៉ុន្តែ ថ្នាំ​ថ្មី​របស់​ក្រុមហ៊ុន AstraZeneca នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយមាន​បន្ថែម​មុខងារ​ថ្មី​ដែល​សំខាន់​ជាង អនុញ្ញាតឱ្យ​រក្សាទុក​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង COVID-19 ក្នុង​រាងកាយ រយៈពេល​យូរ​ជាង។

ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ AstraZeneca សង្ឃឹមថា ថ្នាំ AZD7442 មួយ​ដូ​ស អាច​ការពារ​មនុស្ស​ក្នុង​រយៈពេល​ពី 12 ដល់ 18 ខែ ពី​ការកើតមាន​អាការ​ធ្ងន់ធ្ងរ​ដោយសារ COVID-19។

លទ្ធផល​នៃ​ការពិសោធ​បានបង្ហាញ​ថា ក្នុងចំណោម​អ្នក​ប្រើ​ថ្នាំ AZD7442 ចំនួន 407 នាក់ គឺមាន​តែ 18 នាក់​ប៉ុណ្ណោះ​ដែលមាន​អាការ​នៃ​ជំងឺ COVID-19 ធ្ងន់ធ្ងរ ឬ​ស្លាប់ បើ​ធៀប​នឹង 37 នាក់ ក្នុងចំណោម 415 នាក់​ដែល​បាន​ប្រើ​ថ្នាំ​បញ្ឆោត (Placebo)។ ប្រការនេះ​មានន័យថា ក្រុមមនុស្ស​ដែល​ប្រើ​ថ្នាំ AZD7442 ប្រឈម​នឹង​ហានិភ័យ​កើត​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង 50% ធៀប​នឹង​ក្រុមមនុស្ស​ដែល​ប្រើ​ថ្នាំ​បញ្ឆោត។ លទ្ធផល​នៃ​ការពិសោធ​ក៏​បង្ហាញ​ដែរ​ថា ការ​ឆាប់​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ AZD7442 នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់ជាង ធៀប​នឹង​វិធីសាស្ត្រ​ព្យាបាល​ដទៃ។

ទោះជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការពិសោធ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ភាគី​ក្រុមហ៊ុន។ គេ​ត្រូវ​រង់ចាំ​ការត្រួតពិនិត្យ វាយតម្លៃ និង​ការអនុម័ត​ពី​ស្ថាប័នរដ្ឋ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក៕

Advertisement