កម្ពុជា​រកឃើញ​អ្នកផ្ទុក​COVID-19 ចំនួន​1ករណី​​ក្នុង​ថ្ងៃ​នេះ​ ខណៈ​​ដែល​ពិភពលោក​ទាំង​មូល​​រកឃើញ​ជាង​17,184,000​នាក់

កម្ពុជា​រកឃើញ​អ្នកផ្ទុក​COVID-19 ចំនួន​1ករណី​​ក្នុង​ថ្ងៃ​នេះ​ ខណៈ​ពិភពលោក​រកឃើញ​ជាង​17,184,000​នាក់

ក្រសួង​សុខាភិបាល​កម្ពុជា​នា​ព្រឹក​នេះ​ (30​កក្កដា) បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19ថ្មី ចំនួន​1​នាក់​បន្ថែម​ទៀតកាល​ពី​ថ្ងៃទី​29​កក្កដា​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជាសះស្បើយ​ក្នុង​ថ្ងៃ​នេះ​ មាន​ចំនួន​8​នាក់​។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​ 234​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ចំនួន​162​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​72​នាក់​។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅឡើយ​។

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​តែ​ជា​សម្បុក​វីរុស​ធំជាង​គេ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​104,432​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ សរុប​4,975​នាក់​។

ឈរលំដាប់​ទី2​គឺ​ប្រទេស​ហ្វីលីពីន​ ដោយ​មាន​អ្នក​ជំងឺ​ 85,486​នាក់ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19 ចំនួន​1,962​នាក់​។

សិង្ហបុរី​ឈរលំដាប់​ទី3 ជាមួយ​នឹង​តួលេខ​អ្នក​ជំងឺ​សរុប​51,531​នាក់​ និង​អ្នក​ស្លាប់​សរុប​​27​នាក់​។

គិត​មក​ដល់​ពេល​នេះ​ ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នកផ្ទុក​COVID-19 សរុប​17,184,770​នាក់ អ្នក​ជំងឺ​ដែល​បាន​បាត់​បង់​ជីវិត​មាន​ចំនួន​670,152​នាក់​ ខណៈ​អ្នក​បាន​ជាសះស្បើយ​មាន​ចំនួន​10,696,604​នាក់​។ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល និង​ឥណ្ឌា​ គឺជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើនជាង​1,000,000​នាក់ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​មាន​4,568,037​នាក់ ប្រេស៊ីល​មាន​2,555,518​នាក់ និង​ឥណ្ឌា​មាន​1,584,384​នាក់​​៕

Advertisement