កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ជាង 12 ម៉ឺន​ដូ​ស តាមរយៈ​យន្តការ COVAX

(ភ្នំពេញ)- កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ផលិត​នៅ​ប្រទេស​ចិន ចំនួន​ជាង 12 ម៉ឺន​ដូ​ស បន្ថែមទៀត កាលពី​ល្ងាច​ថ្ងៃទី 22 តុលា 2021។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ យក់ សម្បត្តិ ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នេះ មានប្រសាសន៍ថា វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន 124,700 ដូ​ស ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បា​នេះ​គឺ តាមរយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក។

លោកជំទាវ យក់ សម្បត្តិ ក៏បាន​សម្តែង​ការ​អរគុណ​ចំពោះ រដ្ឋាភិបាល​ចិន និង​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង ដល់ កម្ពុជា។

បច្ចុប្បន្ន កម្ពុជា​បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចិន ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ច្រើនជាងគេ ក្នុងចំណោម​ប្រភេទ​វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​យកទៅ​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ។

គិត​ត្រឹម​យប់​ថ្ងៃទី 22 តុលា ឆ្នាំ 2021 កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ កម្ពុជា រួមមាន៖

  • ពលរដ្ឋ​ពេញវ័យ ចាក់​បាន 99.71% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់។
  • កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំទៅ​ក្រោម 18 ឆ្នាំ ចាក់​បាន 90.59% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ជិត 2 លាន​នាក់។
  • កុមារ​អាយុ​ពី 6 ឆ្នាំ​ដល់​ក្រោម 12 ឆ្នាំ ចាក់​បាន​ជាង 100% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត 1.9 លាន​នាក់។
Advertisement