កម្ពុជា រំពឹងថា 2 សប្ដាហ៍​ទៀត នឹង​សម្រេចបាន​គោលដៅ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ 10 លាន​នាក់

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស

ក្នុង​រយៈពេល​ប្រមាណ 2 សប្តាហ៍​ទៅមុខទៀត កម្ពុជា​នឹង​សម្រេច​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 ដល់​ក្រុម​ពលរដ្ឋ​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ដែលមាន​ចំនួន 10 លាន​នាក់ ពោលគឺ​ស្មើនឹង 100% នៃ​ផែនការ ក្នុងករណី​ប្រជាពលរដ្ឋ​នៅតែ​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង រង្វង់​ពី 3,000 នាក់ ទៅ 4,000 នាក់ ជា​រៀងរាល់ថ្ងៃ។

ខាងលើនេះ​គឺជា​ប្រសាសន៍​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19  (គ.វ.ក១៩) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​ចុះ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021។

លោកជំទាវ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​រូបនេះ បាន​បន្ថែមថា តួលេខ​ពលរដ្ឋ​ពេញវ័យ​ខាងលើ មិនបាន​រាប់បញ្ចូល​ពលរដ្ឋ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឬ​ពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​មិនអាច​ចាក់​វ៉ាក់សាំង​បាន រួម​នឹង​ពលរដ្ឋ​ដែល​ទើបតែ​បានជា​ពី​ជំងឺ COVID-19 នោះទេ។

គិត​មកដល់​បច្ចុប្បន្ន នៅមាន​ពលរដ្ឋ​ពេញវ័យ​ប្រមាណ​តែ 4 ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19។ ដូច្នេះ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ នឹង​ឈានដល់​ដំណាក់កាល​បិទ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ។

ការចាក់​វ៉ាក់សាំង​នៅ កម្ពុជា គិត​ត្រឹម​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 មាន​ដូចតទៅ៖

1-សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 9,967,039 នាក់ និង ដូ​ស​ទី​ពី ចាក់​បាន​ចំនួន 9,617,661 នាក់ ដែល​ស្មើនឹង 99.67% ធៀប​នឹង​ប្រជាជន​គោលដៅ​សរុប 10 លាន​នាក់។

2-សម្រាប់​ក្រុម​កុមារ និង​យុវវ័យ អាយុ​ចាប់ពី 12 ឆ្នាំ ដល់​ក្រោម 18 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,780,707 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,686,181 នាក់ ដែល​ស្មើនឹង 90.53% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 2 លាន​នាក់។

3-សម្រាប់​ក្រុម​កុមារ អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,895,669 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,598,420 នាក់ ដែល​ស្មើនឹង 99.91% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 1.9 លាន​នាក់។

Advertisement