អាមេរិក ប្រកាស​គម្រោង​លម្អិត ស្ដីពី​ការចែករំលែក​វ៉ាក់សាំង COVID-19 ចំនួន 80លាន​ដូ​ស ដល់​​ប្រទេស​នានា​​ក្នុង​ពិភពលោក

កាលពី​ថ្ងៃទី3 ខែមិថុនា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាស​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​​ចែក​រំលែក​​វ៉ាក់សាំង​បង្ការ Covid-19  ចំនួន 25លាន​ដូ​ស​ដំបូង ក្នុងចំណោម 80លាន​ដូ​ស ដែល​លោក​ធ្លាប់បាន​ប្រកាស​នាពេល​ក​ន្ល​ង​ថា នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស និង​ដែនដី​ក្នុង​ពិភពលោក។

ក្នុង​ប្រកាស​មួយ លោក Biden បាន​លើកឡើងថា ក្នុងចំណោម​វ៉ាក់សាំង 25លាន​ដូ​ស ដែល សហរដ្ឋអាមេរិក ចែករំលែក​ដំបូង មាន​ជិត 19លាន​ដូ​សនឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រ​ទស​ក្រីក្រ តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ក្នុងនោះ ប្រហែល 6លាន​ដូ​ស នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​ការី​ប៊ី​ន, ប្រហែល 7លាន​ដូ​ស​សម្រាប់​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍, ចំណែក​ជិត 5លាន​ដូ​ស​ទៀត សម្រាប់​ទ្វីបអាហ្វ្រិក។ ក្រៅពីនេះ វ៉ាក់សាំង​ជាង 6លាន​ដូ​ស​ទៀត ក្នុងចំណោម 25លាន​ដូ​ស​ខាងលើ នឹង​ត្រូវបាន​ចែករំលែក​ផ្ទាល់​ដល់​កាណាដា, ម៉ិ​ក​ស៊ិ​ក, ឥណ្ឌា និង​កូរ៉េខាងត្បូង។

សូមបញ្ជាក់ថា វ៉ាក់សាំង​ប្រហែល 7លាន​ដូ​ស ដែល​គ្រោង​នឹង​ផ្ដល់ឱ្យ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ រួមមាន៖ ឥណ្ឌា, នេ​ប៉ាល់, បង់​ក្លា​ដែ​ស, ប៉ា​គី​ស្ថាន, ស្រីលង្កា, អា​ហ្វ​ហ្គា​នី​ស្ថាន, ម៉ា​ឌី​វ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, ឥណ្ឌូនេស៊ី, ថៃ, ឡាវ, ប៉ា​ពួ​ញូ​ហ្គី​ណេ, តៃវ៉ាន់ និង​បណ្ដា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កម្ពុជា មិនមាន​នៅក្នុង​បញ្ជី​ឈ្មោះ​នេះ​ទេ។

យោងតាម​ប្រកាស​របស់ សេត​វិមាន វ៉ាក់សាំង 75% ក្នុងចំណោម 80លាន​ដូ​ស ដែល​សហរដ្ឋអាមេរិក គ្រោង​នឹង​ចែករំលែក នឹងត្រូវ​បានផ្ដល់​ឱ្យ​យន្តការ COVAX។ ចំណែក​នៅសល់ 25% ទៀត ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​កំពុង​ត្រូវការ​បន្ទាន់ បណ្ដា​ប្រទេស​ក្បែរ​ខាង​អាមេរិក និង​បណ្ដា​ប្រទេស​ដែល​បានស្នើ​សុំ អាមេរិក ឱ្យជួយ៕

ប្រភព៖ Business Insider
ប្រែ​សម្រួល៖ បុត្រា

Advertisement