ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ឆ្លង​វីរុស​កូ​វីដ-១៩

ប្រធានាធិបតីនៃ ប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril

ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ និង​កំពុងមាន​អាការរោគ​ស្រាល​មួយចំនួន។

«ប្រធានាធិបតី Ramaphosa បាន​ថ្លែងថា លោក​បាន​ឆ្លង កូ​វីដ-១៩ ហើយ​ថា វា​ក៏​ជាការ​ព្រមាន​ដល់​ពលរដ្ឋ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​ប្រុងប្រយ័ត្ន​នៅ​ចំពោះមុខ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល។ ការចាក់​វ៉ាក់សាំង នៅតែ​ជា​វិធី​ការពារ​ល្អ​បំផុត ប្រឆាំងនឹង​ហានិភ័យ​នៃ​អាការ​ធ្ងន់ធ្ងរ និង​ចូល​ពេទ្យ» ការិយាល័យ​ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង បានប្រកាស​កាលពី​ថ្ងៃទី ១២ ធ្នូ។

ប្រធានាធិបតី Ramaphosa ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល​ក្នុង​ខ្លួន បន្ទាប់ពី​បាន​ចាក​ចេញពី​តំបន់​គោរព​វិញ្ញាណក្ខន្ធ​ជាតិ Cape Twon។ គាត់​មាន​អាការ​ស្រាល​មួយចំនួន ប៉ុន្តែ នៅមាន​ស្មារតី​ល្អ និង​កំពុង​ត្រូវបាន​តាមដាន​សុខភាព​ដោយ​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​យោធា​របស់ អាហ្វ្រិក​ខាងត្បូង។

លោក Ramaphosa បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ពេញលេញ​រួចហើយ និង​ទើបតែ​ត្រលប់​មកពី​ទស្សនកិច្ច​តំបន់​អាហ្វ្រិក​ខាងលិច។ លោក​ធ្លាប់បាន​ទទួលលទ្ធផល​អវិជ្ជមាន​នៅក្នុង​ការ​ធ្វើតេស្ត​កាលពី​ថ្ងៃទី ៨ ធ្នូ។ លោក​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ Cape Town។

អនុ​ប្រធានាធិបតី David Mabuza នឹង​ជំនួសមុខ​ឱ្យ​លោក Ramaphosa ក្នុងការ​បំពេញ​រាល់​ភារកិច្ច​នៅក្នុង​សប្ដាហ៍​នេះ។

យោងតាម CNN ប្រជាជន​នៅ អាហ្វ្រិក​ខាងត្បូង ប្រមាណ ៣០% បានទទួល​ការចាក់​វ៉ាក់សាំង ក្នុងនោះ​មាន ២៥% បាន​ចាក់​ពេញលេញ។ បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ជាង ៣.១ លាន​នាក់ ក្នុងនោះ មាន​ជាង ៩០,០០០ នាក់ បាន​បាត់​បង់ជីវិត៕

Advertisement