តើ​អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ

អាហារ​ដែលមាន​រសជាតិ​ផ្អែម ជា​អាហារ​ដែល​ត្រូវមាត់​មនុស្ស​ជាច្រើន និង​រសជាតិ​ផ្អែម ជួយ​ជំរុញ​ភាព​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ ហើយ​មនុស្ស​ភាគច្រើន ក៏​និយម​អាហារ​រសជាតិ​ផ្អែម រហូតដល់​លើសពី​តម្រូវការ​របស់​រាងកាយ ដែលជា​មូលហេតុ​បណ្តាលឱ្យ​កើត​ជំងឺផ្សេងៗបាន ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់​ពី​អាហារ​រសជាតិ​ផ្អែម​ថា តើ​គួរ​បរិភោគ​ប៉ុនណា​ទើប​សមរម្យ​សម្រាប់​ស្ត្រី​ដែល​កំពុង​មានគភ៌។

លោកគ្រូ​ពេទ្យ​បាន​ណែ​នាំឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ គ្រប់គ្រង​ការបរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម ឱ្យ​ស្ថិតនៅក្នុង​កម្រិត​សមល្មម គឺ​កុំ​បរិភោគ​តាមចិត្ត​ចង់ កាត់បន្ថយ​អាហារ​ដែលមាន​រសជាតិ​ផ្អែម ឱ្យបាន​ច្រើន​បំផុត  និង​គ្រប់គ្រង​ការបរិភោគ​ជាតិ​ស្ករ ឬ​បង្អែម​ដូចខាងក្រោម​នេះ៖

-ផឹកទឹក​ផ្លែឈើ​ស្រស់ ដែល​មិន​ដាក់​ស្ករ ជំនួស​ភេសជ្ជៈ​កំប៉ុង។

-កាត់បន្ថយ​ស្ករ ក្នុងការ​ផ្សំ​គ្រឿង​ម្ហូបអាហារ ចំនួន​ពាក់កណ្តាល ពី​ទម្លាប់​ដើម។

-បរិភោគ​ផ្លែឈើ​ស្រស់ និង​បន្លែ​ឱ្យបាន​ច្រើន នឹង​ធ្វើឱ្យ​រាងកាយ​ទទួលបាន​ជាតិ​ស្ករ​យ៉ាង​គ្រប់គ្រាន់។

-ចៀសវាង​អាហារ​កញ្ចប់ ឬ​កំប៉ុងផ្សេងៗ តែបើ​ចាំបាច់​ត្រូវ​បរិភោគ គួរ​មើល​គ្រឿងផ្សំ​ទាំងនោះ​ថា តើ​មាន​ជាតិ​ស្ករ​តិច ច្រើន​ប៉ុនណា?។

-ខ្ពុរមាត់ ឬ​ដុសធ្មេញ​ក្រោយ​ពេលបាយ ឬ​ក្រោយពេល​បរិភោគ​បង្អែម​រួច និង​គួរប្រើ​ខ្សែ​អំបោះ​ខាត់​សម្អាត​ធ្មេញ យ៉ាងហោចណាស់ 1ថ្ងៃ ម្តង ដើម្បី​កុំឱ្យ​មាន​កម្ទេច​អាហារ នៅជាប់​សេសសល់​តាម​ប្រឡោះ​ធ្មេញ។

-បើសិន​ត្រូវ​ប្រើ​ស្ករ គួរ​ជ្រើសរើស​ប្រើ​ស្ករអំពៅ ជំនួស​ស្ករ-ស។

-មិនគួរ​បរិភោគ​ស្ករ-ស​លើសពី 3ស្លាបព្រា​បាយ ក្នុង 1ថ្ងែ​ឡើយ (សម្រាប់​មនុស្ស​ដែលមាន​រាងកាយ​មាំមួន)។

-ជាធម្មតា ពេល​យើង​បរិភោគ​បាយ បន្លែ ផ្លែឈើ​នោះ គឺ​យើង​បានទទួល​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ស្រេច​ទៅហើយ។

តើ​យើង​បានទទួល​រសជាតិ​ផ្អែម ដោយ​វិធី​ណា?

         មនុស្ស​យើង ឆាប់​ទទួលយក​រសជាតិ​ផ្អែម​ខ្លាំង​បំផុត ព្រោះ​នៅលើ​អណ្តាត​មាន​ក្រពេញ​ទទួល​រសជាតិ​ផ្អែម ច្រើនជាង​រសជាតិផ្សេងៗ ដូច្នេះ​បើ​យើង​បរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម​ញឹកញាប់ នឹងធ្វើ​ឱ្យ​យើង​ញៀន​រសជាតិ​ផ្អែម ជាពិសេស​ការបរិភោគ​ស្ករ ដែល​យើង​ដាក់​នៅក្នុង​អាហារផ្សេងៗ ធ្វើឱ្យ​រាងកាយ​យើង​ទទួលបាន​ជាតិ​ស្ករ​ច្រើន​ជ្រុល​ដោយ​មិនដឹង​ខ្លួន ទាំង​ដែល​អាហារ​ពី​ធម្មជាតិ ក៏មាន​ជាតិ​ស្ករ​ស្រាប់​ទៅហើយនោះ មានដូចជា៖

*ខា​បូ​ហាយ​ដ្រេ​ត ពេល​ឆ្លងកាត់​កម្មវិធី​រំលាយ​អាហារ​ហើយ នឹង​ក្លាយទៅជា​ជាតិ​ស្ករ​គ្លុយ​ខូ​ស ហើយនឹង​ត្រូវបាន​បឺត​ជ្រាប ចូលទៅក្នុង​ខ្សែ​លោ​ហឹ​ត​ជា​បន្ត ទៅធ្វើជា​ថាមពល​ការងារ​ឱ្យ​កោសិកា​អវយវៈផ្សេង។

*ផ្លែឈើ​ស្ទើរតែ​គ្រប់​ប្រភេទ មាន​ជាតិ​ស្ករ​ជា​ចំណែក​ផ្សំ​ដោយ​ធម្មជាតិ​ស្រាប់​ទៅហើយ រាងកាយ​អាច​យកទៅ​ប្រើប្រាស់​បាន​ភ្លាម​តែម្តង។

*អាហារ​កញ្ចប់ និង​អាហារ​កំប៉ុងផ្សេងៗ ដូចជា ទឹក​ញាំ​សាឡាដ ទឹកដោះគោ យ៉ា​អួ(ទឹកដោះគោ​ជូរ) នំ​ខេ​ក ឬ​សូម្បីតែ​ទឹកស៊ីអ៊ីវ ក៏មានស្ករ​ជា​ចំណែក​ផ្សំ​ដែរ៕

Advertisement