រដ្ឋ​របស់​​ហស​រដ្ឋ​អាមេរិក ផ្ដល់​មូល​ប​ត្រ​បំណុល​តម្លៃ 100ដុល្លារ ដល់​ពលរដ្ឋ​​​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19

លោក Jim Justice អភិបាលរដ្ឋ Virginia ខាងលិច កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​

រដ្ឋ Virginia ខាង​លិ​ខ (West Virginia) របស់​សហរដ្ឋអាមេរិក នឹង​ផ្ដល់​មូល​ប​ត្រ​បំណុល​តម្លៃ 100ដុល្លារ ដល់​បុគ្គល​ទាំងឡាយណា​ដែលមាន​អាយុ​ចាប់ពី 16ឆ្នាំ ដល់ 35ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។

យោងតាម​សារព័ត៌មាន New York Times របស់​អាមេរិក នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី26 ខែមេសា លោក Jim Justice អភិបាលរដ្ឋ Virginia ខាងលិច បានប្រកាសថា ពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី 16 ដល់ 35ឆ្នាំ របស់​រដ្ឋ​នេះ នឹង​ទទួលបាន​មូល​ប​ត្រ​បំណុល​ដែលមាន​តម្លៃ 100ដុល្លារ/ម្នាក់ បន្ទាប់ពី​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រួចរាល់​ជា​ស្ថាពរ។

ដើម្បី​ទូទាត់​លើ​ខ្ទង់ចំណាយ​នេះ រដ្ឋ Virginia ខាងលិច នឹង​ប្រើប្រាស់​ថវិកា​ដែល​បានមកពី​ច្បាប់ CARES ជា​កញ្ចប់​ជំនួយ​សម្រាប់​ដោះស្រាយ​បញ្ហា Covid-19 ដែល​សភា​បានអនុម័ត​កាលពី​ខែមីនា ឆ្នាំ2020 ក្រោម​រដ្ឋបាល​របស់លោក Donald Trump។

ទន្ទឹមនឹង​គម្រោង​ផ្ដល់​មូល​ប​ត្រ​បំណុល អភិបាលរដ្ឋ Virginia ខាងលិច ក៏បាន​លើកឡើង​នូវ​វិធិ​សាស្ត្រ​ជាច្រើន​ផ្សេងទៀត ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​មក​ទទួល​ការចាក់​វ៉ាក់សាំង ក្នុងនោះ​ក៏មាន​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​នៅខាងមុខ​សាកលវិទ្យាល័យ​ផងដែរ។

យោងតាម New York Times រដ្ឋ Virginia ខាងលិច បច្ចុប្បន្ន​មាន​អត្រា​នៃ​ការឆ្លង Covid-19 ថ្មី ខ្ពស់​ជាងគេ​លំដាប់​ទី16 និង​ឈរ​លំដាប់​ទី12 បើ​គិត​អំពី​ករណី​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ធៀប​នឹង​បណ្ដា​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។ កន្លងមក រដ្ឋ Virginia ខាងលិច គឺជា​រដ្ឋ​ដែល​ឈរ​លំដាប់​ទី​ពីរ​ស្ដីពី​អត្រា​នៃ​ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកដំបូង បន្ទាប់ពី​រដ្ឋ Alaska។

ពលរដ្ឋ​ចំនួន 35.3% របស់​រដ្ឋ Virginia ខាងលិច បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 យ៉ាងតិច 1ដង ក្នុងនោះ​មាន 29% បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ អភិបាលរដ្ឋ Virginia ខាងលិច លោក Justice បានឱ្យដឹងថា គិតដល់​ថ្ងៃទី26 ខែមេសា ឆ្នាំ2021 ពលរដ្ឋ​វ័យ​ចំណាស់ ចំនួន 78% បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ក្នុងនោះ​មាន 68.5% បាន​ចាក់​រួចរាល់។

ប៉ុន្តែ បច្ចុប្បន្ន ការចាក់​វ៉ាក់សាំង​របស់​រដ្ឋ​នេះ កំពុងមាន​ការយឺតយ៉ាវ ដោយ​ពលរដ្ឋ​ប្រមាណ​តែ 52% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​លើកដំបូង ដែល​តួលេខ​នេះ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 70% ដែលជា​ផែនការ​ដំបូង។

សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយមាន​ពលរដ្ឋ​ជិត 33លាន​នាក់​បាន​ឆ្លង​វីរុស និង​ជាង 587,000នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។ រដ្ឋ Virginia ខាងលិច បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​ជាង 150,000នាក់ និង​ជាង 2,600នាក់​បាន​បាត់​បង់ជីវិត​ដោយសារ Covid-19។ ទូរទស្សន៍​សាធារណៈ Virginia ខាងលិច បាន​ផ្សាយ​ថា ពលរដ្ឋ​ក្រោម​អាយុ 20ឆ្នាំ ប្រមាណ 26% បាន​ឆ្លង Covid-19 បើ​ធៀប​នឹង​ករណី​ឆ្លង​សរុប​របស់​រដ្ឋ​នេះ៕

ប្រភព​៖ Washingtonpost, NPR
ប្រែសម្រួល​៖ បុត្រា

Advertisement