សូម​ប្រយ័ត្ន! អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ចម្លង Delta ដល់​សមាជិក​ទាំង​ឡាយ​ក្នុង​គ្រួសារ

ពលរដ្ឋ​ម្នាក់​កំពុង​ដើរ​ឆ្លង​កាត់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ នៅ​ក្នុង​ទីក្រុង​ Manchester កាល​ពីថ្ងៃទី 25 តុលា

(អង់គ្លេស)-លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​នៃ​ចក្រភព អង់គ្លេស Imperial College London បាន​បង្ហាញថា អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 ដែល​ឆ្លង Delta នៅតែ​អាច​ចម្លង​វីរុស​នេះ​ដល់​សមាជិកគ្រួសារ។

«យើង​បាន​រកឃើញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ឆ្លង និង​ចម្លង​វីរុស​ក្នុង​គ្រួសារ ឆ្លង​ទៅកាន់​សមាជិក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ថែម​ទៀតផង» វេជ្ជបណ្ឌិត Anika Singanayagam ដែលជា​អ្នកគ្រប់គ្រង​មួយរូប​នៅក្នុង​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Imperial College London បានឱ្យដឹង​កាលពី​ថ្ងៃទី 28 តុលា។

ការស្រាវជ្រាវ​នេះ​ត្រូវបានធ្វើ​ឡើងលើ​មនុស្ស​ចំនួន 621 នាក់។ ក្នុងចំណោម 205 នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នក​ផ្ទុក Delta មាន 38% គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចហើយ ខណៈ 25% មិនទាន់​ចាក់​វ៉ាក់សាំង។

ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​លទ្ធផល​អវិជ្ជមាន​ទៅវិញ​ឆាប់រហ័ស​ជាង ធៀប​នឹង​ក្រុម​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ប៉ុន្តែ កំហាប់​វីរុស​ក្នុងដំណាក់កាល​ខ្ពស់បំផុត នៅតែ​ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

ចំពោះ​សមាជិកគ្រួសារ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​តែ​នៅតែ​វិជ្ជមាន​នឹង COVID-19 ភាគច្រើន​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​មុន​ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រោយ និង​អវិជ្ជមាន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញថា សមត្ថភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវ​ថយចុះ​ទៅតាម​ពេលវេលា និង​បាន​គាំទ្រ​ឱ្យមាន​ការចាក់​ដូ​ស​បន្ថែម។

អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​មិន​ធ្វើឱ្យមាន​ការប្ដូរ​ផ្លាស់​ចំពោះ​ការយល់ឃើញ​ដែលថា ការចាក់​វ៉ាក់សាំង​គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​អាការ​ធ្ងន់ធ្ងរ​នៅពេល​បាន​ឆ្លង​វីរុស COVID-19 នោះទេ៕

Advertisement