ហ្វ៊ី​លី​ពី​ន ឆ្លង​ជំងឺ​ប្រចាំថ្ងៃ​កើន​ជិត 9ពាន់​នាក់ ក្លាយជា​ប្រទេស​ឆ្លង​ច្រើន ទី2 ក្នុង​អាស៊ាន

ថ្ងៃទី26 មេសា សារព័ត៌មាន Straits Times បាន​រាយការណ៍​ថា ក្រសួងសុខាភិបាល​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ថ្លែង​នៅពេល​ល្ងាច តាម​ពេលវេលា​ក្នុង​តំបន់​ថា រកឃើញ​អ្នកជំងឺ​កូ​វីដ-19 ថ្មី​បន្ថែមទៀត 8,929នាក់ បណ្ដាលឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើងដល់​ជាង 1លាន​នាក់​ហើយ។

ឡើង​គ្រង​តំណែង​ជា​ប្រទេស​ទី2 ក្នុង​តំបន់​អាស៊ាន ដែលមាន​អ្នក​ឆ្លង​មេរោគ​លើស 1លាន​នាក់ តាម​ពីក្រោយ​ឥណ្ឌូនេស៊ី ដែលមាន​អ្នក​ឆ្លង​មេរោគ​ជាង 1.6លាន​នាក់ ចំណែក​អ្នកស្លាប់​ក្នុងប្រទេស​មួយ​នេះ​វិញ បាន​កើន​ឡើងដល់ 16,853នាក់។

ខណៈពេល​ជាមួយគ្នា លំដាប់​លេខ3 សម្រាប់​ប្រទេស​ដែលមាន​អ្នកជំងឺ​កូ​វីដ-19ខ្ពស់បំផុត​ក្នុង​អាស៊ាន​នេះ គឺ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​សរុប 395,718នាក់ ស្លាប់ 1,449នាក់។ មី​យ៉ាន់​ម៉ា មាន​អ្នកជំងឺ​សរុប 142,722នាក់ ស្លាប់ 3,207នាក់ ខណៈ​សិង្ហ​បុរី មាន​អ្នកជំងឺ​បន្ថែមទៀត 45នាក់ សរុប 61,051នាក់ និង​ស្លាប់ 30នាក់។

ប្រទេស​ថៃ មាន​អ្នក​ឆ្លង​មេរោគ សរុប 57,508នាក់ ស្លាប់ 148នាក់។ ព្រះរាជាណាចក្រ​កម្ពុជា មាន​អ្នកជំងឺ​សរុប យ៉ាងតិច 9,975នាក់ ស្លាប់ 74នាក់ រីឯ​ប្រទេស​វៀតណាម មាន​អ្នកជំងឺ​សរុប 2,843នាក់ ស្លាប់ 35នាក់។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ មាន​អ្នកជំងឺ​កើនឡើង​ដល់ 436នាក់ មិនទាន់មាន​អ្នកស្លាប់ និង​ប្រទេស​ប្រ៊ុយណេ មាន​អ្នក​ឆ្លង​មេរោគ សរុប 223នាក់ និង​ស្លាប់ 3នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement