គន្លឹះ​សំខាន់​ក្នុងការ​ថែរក្សា​ស្បែក​នាពេល​ធ្វើដំណើរ​កម្សាន្ត

មិន​ថា​ជានា​រី ឬ​បុរស​នោះទេ មិន​ត្រូវឱ្យ​ខាតបង់​ពេលវេលា​ឡើយ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ស្បែក​របស់​អ្នក​គ្រប់ពេលវេលា។ ខណៈពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ជិត ឬ​ឧស្សាហ៍​ធ្វើដំណើរ​កម្សាន្ត ស្បែក​របស់​អ្នកនឹង​ទទួលរង​នូវ​កម្លាំង​ខ្យល់ កម្ដៅព្រះអាទិត្យ សីតុណ្ហភាព​ក្នុង​ខ្លួន សីតុណ្ហភាព​នៃ​បរិស្ថាន​ជំ​ុ​វិញ​ខ្លួន ទាំងអស់នេះ​បណ្ដាលឱ្យ​សម្បុរស្បែក​របស់​អ្នក​ងាយ​រង​នូវ​ការ​ខូចសុខភាព​ស្បែក ព្រោះថា មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ណាស់​ថា ពេល​ដើរ​កម្សាន្ត​ទៅណា​មក​ណាម្ដងៗ រាល់ពេល​ត្រឡប់មកវិញ​គឺ សង្កេត​មើលឃើញ​ស្បែក​របស់ខ្លួន​ប្រែសម្បុរ ហើយ​ជាំខ្មៅ​ស្រអាប់​មិន​ស្រស់ថ្លា​ទាល់តែសោះ។ ចំណុច​នេះ​គឺ​ទាមទារ​ឱ្យ​អ្នកធ្វើ​ការថែទាំ​ស្បែក​របស់​អ្នក ជាពិសេស​នាពេល​ធ្វើដំណើ​រ ដូច្នេះហើយ​ទើប​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ផ្តល់នូវ​គន្លឹះសំខាន់ៗ និងល្អៗ បើ​ចង់​ជ្រាប​ច្បាស់​ពី​ការថែរក្សា​ស្បែក​ខណៈ​ធ្វើដំណើរ​ទៅតាម​តំបន់​រមណី​ដ្ឋា​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដូចខាងក្រោម​នេះ។

1- ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​ស្បែក​ស្ងួត ខណៈពេល​ធ្វើដំណើរ​រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​ទឹក​ច្រើន ដូច្នេះ​អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​បំបាត់​ភាព​នឿយហត់ ជួយ​មិនឱ្យ​ស្ងួត​បំពុងក និង​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម​គ្រប់ពេល មិន​ស្ងួត​ហួតហែង​ដោយសារតែ​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ។ ម្យ៉ាងវិញទៀត បើ​អ្នក​ទទួលទាន​ទឹក​ដែលមាន​ជាតិ​អំបិល​រ៉ែ នោះ​គឺ​កាន់តែ​ល្អ​ទាំង​សុខភាព និង​ស្បែក​របស់​អ្នក។

2- លាប​ឡេ​ការពារ​កម្ដៅថ្ងៃ
ខណៈដែល​អ្នកធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​មាត់សមុទ្រ ឬ​ទី​រមណី​ដ្ឋា​ន​ធម្មជាតិ​នានាកត្តា​សំខាន់បំផុត​គឺ ត្រូវ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ប្រភេទ SPF50 PA+++ ព្រោះថា​វា​មាន​ប្រសិទ្ធភាព​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​យ៉ាង​ល្អ​បំផុត ព្រមទាំង​មិន​ធ្វើឱ្យ​ស្បែក​ខ្លួន និង​ស្បែ​កមុខ បែកញើស ចេញ​ខ្លាញ់ និង​ធំ​ុ​ក្លិន​ខ្លួន​ទៀតផង។

 

3- ប្រើ​ម្សៅ​ផង់ ឬ​ម្សៅ​ទ្រនាប់ ដើម្បី​ជួយ​ការពារ​ស្បែក
ម្សៅ​ផង់​ដែលមាន​លក់​នៅលើ​ទីផ្សារ​គឺមាន​ច្រើន​ប្រភេទ​ណាស់ ហើយ​អ្វីដែល​សំខាន់​​ អ្នក​ត្រូវ​មើល​ការណែនាំ​ដែល​បាន​សរសេរ​បញ្ជាក់ប្រាប់​នៅលើ​ប្រអប់ និង​សម្បក​កំប៉ុង ដែល​បង្ហាញ​ពី​ភាព​ស័ក្ដិសម​ក្នុងការ​ប្រើប្រាស់ និង​ត្រូវ​ជាមួយនឹង​ប្រភេទ​ស្បែក​របស់​អ្នក។ ខណៈពេលដែល​អ្នក​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ប្រភេទSPF50 PA+++ នៅលើ​ស្បែ​កមុខ​មួយ​ជាន់​ហើយ នោះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ អ្នក​ចាំបាច់​ត្រូវតែ​ប្រើ​ម្សៅ​ផង់ ឬ​ម្សៅ​ទ្រនាប់​ជំនួយ​បន្ថែម​មួយ​ជាន់​ទៀត ដើម្បី​ជួយ​ការពារ​ស្បែក​របស់​អ្នក​នៅក្នុង​ដំណើរ​កម្សាន្ត។

4- Sleeping Mask
កុំ​ភ្លេច​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​នាពេល​រាត្រី​ផង​ណា៎ ព្រោះថា​ការ​ហត់នឿយ​ពេញ​មួយថ្ងៃ​កន្លងទៅ ស្បែក​របស់​អ្នក​ក៏មាន​ភាព​ទ្រុឌទ្រោម មិន​ស្រស់ថ្លា​ឡើយ។ ដូច្នេះ​រឿង​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ទា​ប់​ពីស​ម្រាក​ពី​ដំណើរ​កម្សាន្ត​នោះ​គឺ នៅពេល​យប់​អ្នក​ត្រូវ​ប្រើប្រាស់ Sleeping Mask ដើម្បី​ធ្វើការ​ម៉ាស្សា​ស្បែ​កមុខ​ឱ្យមាន​សំណើម នឹង​ជួសជុល​ត្រង់ចំណុច​ដែល​បាន​រង​នូវ​ការខូចខាត​ឡើងវិញ ដើម្បីឱ្យ​នៅពេល​អ្នក​ក្រោក​ពី​គេង​វិញ ស្បែក​មុខ​អ្នកនឹង​បាន​ស្រស់ថ្លា និង​មិនអាក្រក់​មើល។

5- ប្រើ Eyes Cream ការពារ​ស្បែក​ភ្នែក
ការធ្វើដំណើរ​កម្សាន្ត​នៅពេល​ខ្លះ​បានធ្វើឱ្យ​លោកអ្នក​លង់​ស្នេហ៍ និង​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​ទេសភាព និង​របស់ប្លែកៗ រហូតដល់​អ្នក​ភ្លេចខ្លួន​ថា អ្នក​សម្រាក​មិនបាន​គ្រប់គ្រាន់។ដូច្នេះ​អ្នក​គួរតែ​យកចិត្ត​ទុក​ចំពោះ​សុខភាព​ស្បែ​កនៅ​ជំ​ុ​វិញ​ភ្នែក​របស់​អ្នកផង។ អ្នក​ត្រូវ​រក​ផលិតផល​ណា ដែល​អាចជួយ​ការពារ​ត្របកភ្នែក​របស់​អ្នក​មិនឱ្យ​ខ្មៅ និង​ជួយ​បំបាត់​ស្នា​មដក់​ខ្មៅ​នៅក្រោម​ភ្នែក​របស់​អ្នក ដើម្បី​លាប​ម៉ាស្សា​ស្បែក​ភ្នែក​ដោយថ្នមៗ។ ដើម្បី​កុំឱ្យ​ស្បែក​នៅ​ជំ​ុ​វិញ​ភ្នែក​របស់​អ្នក​រង​នូវ​ភាព​ខូ​ត​ខាត​កាន់តែខ្លាំង ហើយ​សូម​ចៀសវាង Make Up ត្របកភ្នែក​ខណៈដែល​កំ​ពុង​ធ្វើដំណើរ​កម្សាន្ត​ផងដែរ។

6- ដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​តាម​ខ្លួនជានិច្ច
មិន​ថា​នៅ​ទីកន្លែង​ណា​នោះទេ អ្នក​ត្រូវ​ចង់ចាំ​ថា អ្នក​ត្រូវដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​តាម​ខ្លួន​ជានិច្ច ទាំង​ឡេ​ការពារ​ស្បែក​ខ្លួន និង​ស្បែ​កមុខ។ដូច្នេះ​ដើម្បី​ថែរក្សា​ស្បែក​របស់​អ្នក​មិនឱ្យ​ខូចនិង​អាច​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ដ​របស់​អ្នក​យ៉ាង​ពេញទំហឹង អ្នក​ត្រូវដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាប់​តាម​ខ្លួន ឬ​នៅក្នុង​កូន​កា​បូប​ឱ្យ​ជាប់ និង​ត្រូវ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​រៀងរាល់2ម៉ោង​ម្តង៕

Advertisement